
ក្រុងប៉ោយប៉ែត៖ យោងតាមសេចក្តីរាយការណ៍បឋមពីមន្ត្រីសមត្ថកិច្ចប្រចាំក្រុងប៉ោយប៉ែត បានឱ្យដឹងថា កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបអគារទីតាំងអនឡាញស្កេម២កន្លែង (Online Scams) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ប្រមាណជាង៣០០នាក់ និងមានការផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ ដើម្បីទប់ស្កាត់ការរត់ចេញរបស់ក្រុមឧក្រិដ្ឋជន...។

ភ្នាក់ងារ SBM News ប្រចាំខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នកំពុងនៅក្រុងប៉ោយប៉ែត បានបញ្ជាក់ថា កងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបអគារទីតាំងប្រព្រឹត្តបទល្មើសអនឡាញស្កេម២កន្លែង នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាប់ពីអាជ្ញាធរជំនាញបើកការស៊ើបអង្កេតអស់ជាច្រើនសប្តាហ៍កន្លងមក។ ជាមួយគ្នា អាជ្ញាធរកម្ពុជាចាប់ខ្លួនជនបរទេសចម្រុះជាតិសាសន៍បានប្រមាណជាង៣០០នាក់ ខណៈក្រុមឧក្រិដ្ឋជនទាំងនោះ បាននាំគ្នារត់ចេញប្រសេចប្រសាចពីក្នុងអគារ ធ្វើឱ្យសមត្ថកិច្ចផ្ទុះអាវុធគំរាមពួកគេកុំឱ្យរត់ចេញផងដែរ។

ប្រតិបត្តិការចុះបង្ក្រាបអគារទីតាំងប្រព្រឹត្តបទល្មើសអនឡាញស្កេមនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ បើតាមសេចក្ដីរាយការណ៍បឋមពីមន្ត្រីជំនាញ បានបង្ហើបឱ្យដឹងថា កម្លាំងសមត្ថកិច្ច បានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ស្កាត់ការសម្រុករត់ចេញពីទីតាំងរបស់ក្រុមឧក្រិដ្ឋជន។ ជាមួយគ្នានោះ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនមនុស្សបានជាង៣០០នាក់ និងដកហូតវត្ថុតាងបម្រើឱ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀតផងដែរ។ សម្រាប់ព័ត៌មានលម្អិត អង្គភាពសារព័ត៌មាន SBM News នឹងធ្វើសេចក្តីរាយការណ៍ជូនជ្រាបនៅពេលក្រោយ បន្ទាប់ពីប្រតិបត្តិការរបស់មន្ត្រីជំនាញបិទបញ្ចប់៕
រាយការណ៍ដោយ៖ ឈុន មករា










