
ក្រុងខេមរភូមិន្ទ៖ បន្ទាប់ពីស្ត្រីជាភរិយាដណ្តើមដំបងពីស្វាមី ហើយវាយបកទៅវិញរហូតបុរសរូបនោះបាត់បង់ជីវិត ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ឃាត់ខ្លួន រហូតមានការជជែកវែកញែកពេញបណ្តាញសង្គម ថា ស្ត្រីភរិយារូបនោះគ្មានទោសព្រោះការពារខ្លួន ឯអ្នកខ្លះទៀតយល់ថា ទោសត្រូវតែមាន ព្រោះនាងបានសម្លាប់ជីវិតមនុស្ស។ ជុំវិញករណីនេះ អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន បានចេញមុខមកពន្យល់តាមរយ SBM News នៅរសៀលថ្ងៃពុធទី២១មេសានេះ...។

ករណីមនុស្សឃាតមួយកើតឡើងនៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៩មេសា បង្កឡើងដោយស្ត្រីម្នាក់យកដំបងវាយប្ដីរបស់ខ្លួនស្លាប់ កំលុងពេលប្រតាយប្រតបឈ្លោះប្រកែកគ្នា។ យ៉ាងណា ករណីខាងលើនេះ បានក្លាយជាប្រធានបទក្ដៅដ៏គគុកមួយ ដែលអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកជជែកវែកញែក ថា តើស្ត្រីជាភរិយារូបនោះ អាចប្រឈមនឹងការជាប់ទោសទណ្ឌដែរឬទេ ប្រសិនបើគ្រាន់តែជាការ[ការពារ]ខ្លួនពីអំពើហិង្សារបស់ស្វាមី? ដោយមើលឃើញពីភាពខ្វែងគំនិតរបស់មហាជន អង្គភាពសារព័ត៌មាន SBM News បានស្នើសុំលោកមេធាវី សុក សំអឿន ពន្យល់លម្អិតផ្នែកច្បាប់ ជុំវិញករណីឃាតកម្មមួយនេះ ដោយលោកគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែង វាស៊ីសងទៅលើការស៊ើបអង្កេតរបស់មន្ត្រីមានសមត្ថកិច្ច ថាតើបានរកឃើញភស្តុតាងអ្វីខ្លះ? ហើយប្រសិនបើរកឃើញជននោះ ពិតជាការពារខ្លួនមែន គឺមិនតម្រូវឱ្យជនបង្កមានទោសទណ្ឌឡើយ នេះបើតាមច្បាប់របស់កម្ពុជា។

លោកមេធាវី សុក សំអឿន បន្តថា បើតុលាការរកឃើញថា មិនមែនជាករណី[ការពារ]ខ្លួន នោះជនបង្កនឹងមានទោសទណ្ឌ ដូច្នេះ ពេលនេះយើងមិនទាន់អាចសន្និដ្ឋាន ឬវែកញែកអ្វីបានច្រើននោះឡើយទេ ក្រៅពីរង់ចាំការស៊ើបអង្កេតប្រមូលភស្តុតាងរបស់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដាក់ជូនតុលាការធ្វើការពិចារណា និងវាយតម្លៃទោស។ ជាមួយគ្នាផងដែរ លោកមេធាវី សុក សំអឿន បន្ថែមថា ជាទូទៅ កាលណាដែលមានមនុស្សស្លាប់ ជនសង្ស័យ ចាំបាច់ត្រូវតែឃុំខ្លួនជាបណ្ដោះអាសន្ន ដោយត្រូវរង់ចាំការសម្រេចសាលក្រមជាស្ថាពរ ដើម្បីបញ្ជាក់ថា ស្ត្រីរូបនោះមិនមានបំណងសម្លាប់ប្ដីទេ ក៏ប៉ុន្តែជាការជ្រុលដៃ ដោយសារការពារខ្លួនពិតប្រាកដមែន ឬយ៉ាងណា។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅ មានករណីហិង្សាក្នុងគ្រួសារមួយ បណ្ដាឱ្យមានមនុស្សម្នាក់ស្លាប់ ដែលដំបូងឡើយ បុរសជាប្ដីឈ្មោះ ខឹម ណេង បានផឹកស្រាស្រវឹង រួចក៏ឈ្លោះប្រកែកជាមួយប្រពន្ធឈ្មោះ កៅ នេម ព្រមទាំងបានយកដំបងឈើមកវាយប្រពន្ធបណ្ដាលឱ្យបែកក្បាល ហើយក៏មានការប្រតាយប្រតបគ្នារួចស្ត្រីជាប្រពន្ធ ក៏ដណ្តេីមបានដំបងឈើនោះពីប្ដីមកវិញ និងបានវាយចំក្បាលប្ដីវិញចំនួន២ដំបង ខណៈបុរសជាប្ដីបានដេកដួលទៅលេីដី និងសន្លប់បាត់មាត់ឈឹងតែម្ដង។ ភ្លាមនោះ ស្ត្រីជាភរិយា ក៏បានហៅអ្នកនៅក្បែរនោះឱ្យជួយយកខ្លួន និងបុរសជាប្ដីទៅមន្ទីរពេទ្យ។ លុះពេលទៅដល់មណ្ឌលសុខភាព ស្ត្រីជាភរិយាត្រូវក្រុមគ្រូពេទ្យលាងរបួសក្បាលដែលបែក ចំណែកឯប្ដីដោយមានអាការធ្ងន់ធ្ងរពេក គ្រូពេទ្យ ក៏បានបញ្ជូនបន្តមកព្យាបាលនៅរាជធានីភ្នំពេញ ប៉ុន្តែធ្វើដំណើរមកមិនទាន់ដល់ភ្នំពេញផង បុរសរូបនោះក៏បានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវទៅ។ ឯសពក៏ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រព្រៃណី ឯស្ត្រីជាភរិយាក៏ត្រូវសមត្ថកិច្ចនាំខ្លួនទៅធ្វើកំណត់ហេតុ និងឃុំខ្លួនតែម្ដង៕



