
រាជធានីភ្នំពេញ៖ បច្ចុប្បន្ន បណ្តាប្រទេសក្នុងពិភពលោក រួមទាំងកម្ពុជា កំពុងតែប្រឈមនឹងវិបត្តិនឹកស្មានមិនដល់ គឺបញ្ហាប្រេង និងបម្រែបម្រួលនានា ដែលបណ្ដាលមកពីសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា។ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ពន្លឿនការរៀបចំ និងផ្តល់កញ្ចប់អន្តរាគន៍ពិសេស ដើម្បីឆ្លើយតបនឹងវិបត្តិផ្សេងៗដែលកំពុងកើតឡើងនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។

ការស្នើរបស់លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ថាញ៉ា ម៉ៃអឺ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី២១មេសា ឆ្នាំ២០២៦ ស្តីពីការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទនៃវិបត្តិ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ។ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានគិតគូរ និងដាក់ចេញវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរាលត្បាតជំងឺកូវីដ១៩, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបន្តរហូតដល់សង្គ្រាមនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន មកលើជីវភាពប្រជាជន សកម្មភាពអាជីវកម្ម និងធានាស្ថិរភាពសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោករដ្ឋមន្រ្តី បញ្ជាក់៖«ចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ានាពេលនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរចំពោះនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល, រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការបន្ទាន់ រួមមាន ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងម៉ាសូត និងឧស្ម័ន LPG ដែលបានធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ចំណូល ខណៈរាជរដ្ឋាភិបាលមានតម្រូវការប្រើប្រាស់ថវិកាបន្ថែម សម្រាប់គាំទ្រដល់ការងារគាំពារសង្គម»។ លោកបន្តថា លទ្ធផលនៃការសិក្សារបស់ក្រុមអ្នកជំនាញនៃធនាគារពិភពលោកនាពេលនេះ គឺជាធាតុចូលដ៏មានសារសំខាន់ដែលគ្របដណ្ដប់ទាំងទិដ្ឋភាព គោលនយោបាយ និងទិដ្ឋភាពហិរញ្ញប្បទាន សម្រាប់កម្ពុជាពិនិត្យ និងរៀបចំកញ្ចប់អន្តរាគមន៍ពិសេសជាក់ស្តែង ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែចំគោលដៅ និងកាន់តែគ្រប់ជ្រុងជ្រោយ ដែលនឹងអាចធានារក្សាបានកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងភាពធន់សម្រាប់រយៈពេលមធ្យម និងវែង។

លោកស្រី ថាញ៉ា ម៉ៃអឺ បន្តសហការ និងពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច ដៃគូអភិវឌ្ឍន៍នានា រួមទាំងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនការរៀបចំកញ្ចប់អន្តរាគមពិសេសនេះ ឱ្យលេចចេញរូបរាងឡើង ដើម្បីអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខ។ លោកស្រី ថាញ៉ា ម៉ៃអឺ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក ដោយសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕




