ការពារប្រទេសជាតិទាំងមូល និងពលរដ្ឋជិត១៨លាននាក់! ស្ថាប័នសិទ្ធិមនុស្សទាមទារឱ្យកាសែត The Wall Street Journal លុបពាក្យ «Scambodia»
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានទាមទារឱ្យសារព័ត៌មាន The Wall Street Journal លុបពាក្យ «Scambodia» ចេញពីអត្ថបទខ្លួនជាបន្ទាន់ ដែលចេញផ្សាយកាលថ្ងៃទី១៩ ខែមេសា។

តាមរយៈលិកខិតចំហផ្ញើទៅសារព័ត៌មាន The Wall Street Journal គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ពន្យល់សារព័ត៌មានអន្តរជាតិមួយនេះថា ការហៅឈ្មោះប្រទេសកម្ពុជាដោយប្រើពាក្យ«Scambodia» គឺជាកង្វះខាតវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន។ កង្វះខាតវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានរបស់ The Wall Street Journal លើអត្ថបទដែលចេញផ្សាយនោះ អាចបង្កឱ្យមានការយល់ច្រឡំ ការរើសអើង និងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ កិត្តិយសប្រទេសកម្ពុជា រួមជាមួយប្រជាជនជិត១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ 

គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឱ្យ The Wall Street Journal លុបពាក្យ«Scambodia»ចេញពីអត្ថបទដែលចេញផ្សាយនោះជាបន្ទាន់ ហើយចេញផ្សាយការកែតម្រូវ ឬការបំភ្លឺដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព។ ជាមួយគ្នា សារព័ត៌មានដដែលនេះ ក៏ត្រូវសុំទោសជាផ្លូវការ និងកែសម្រួលចំណងជើងឡើងវិញ ដើម្បីកុំឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ។ ក្រៅពីនេះ The Wall Street Journal ក៏ត្រូវជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយនាពេលអនាគតផងដែរ។ 

បើនិយាយពីតថភាពក្នុងសង្គមវិញ ប្រជាជនខ្មែរជាច្រើន រួមទាំងជនបរទេសមួយចំនួនផងនោះ សុទ្ធតែប្រតិកម្មយ៉ាងខ្លាំងក្លា លើការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនេះ។ ជាក់ស្តែង កីឡាករ​ប្រដាល់​មានដើមកំណើតកាណាដា លោក ដាវ ឡឺឌុក បាន​ចេញ​វីដេអូ​ទាម​ទារ​ឱ្យ​ស្ថាប័ន​ព័ត៌មានអន្តរជាតិ The Wall Street Journal សុំ​ទោស​ប្រទេស​កម្ពុជា ចំពោះ​ការ​​ប្រើ​ពាក្យ​ខ្វះ​ការ​គោរពនៅ​លើ​ចំណង​​ជើង​អត្ថបទនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត