ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត បញ្ជាក់ថា ម្ចាស់រថយន្ត២គ្រឿង ជូនថវិកាដល់មន្រ្តីទុកហូបបាយ ដោយមិនបានទារនោះទេ
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងក្រចេះ៖ មន្រ្តីជញ្ជីងថ្លឹងរថយន្តកាំពីរ នៅព្រឹកថ្ងៃ ២២ ខែមេសា ឆ្នាំ ២០២៦ បានឃាត់រថយន្ត២គ្រឿង ដោយសង្ស័យដឹកលើសទម្ងន់ នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ រួចក៏បានអនុញ្ញាតឱ្យចេញទៅវិញ…។

ប្រភពមួយ បានឱ្យដឹងថា ករណីក្រុមមន្ត្រីឃាត់រថយន្តខាងលើនេះ ឃើញមានការជជែកគ្នារវាងមន្ត្រី និងម្ចាស់រថយន្តអស់រយៈពេលជាច្រើនម៉ោង ហើយក្រុមមន្ត្រី ក៏ឱ្យម្ចាស់រថយន្តបន្តដំណើរទៅមុខ ដោយមិនឃាត់ទុក ឬវិន័យអ្វីឡើយ។ ប្រភពបានបញ្ជាក់ថា ដោយសារទទួលបានថវិកា ទើបបានជាមន្ត្រីជញ្ជីងថ្លឹង ដោះលែងរថយន្តចំនួនពីរគ្រឿងនោះ ឱ្យបន្តដំណើរទៅមុខទៀត។ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឆ្លើយថា លោកមិនបានដឹងរឿងនេះទេ ហើយរុញឱ្យទៅសួរលោក ពេជ្រ គណនា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកាំពីរ

លោកប្រធានស្ថានីយ បានបំភ្លឺថា ក្រសួង អនុគ្រោះចំពោះរថយន្តដឹកកសិផល។ លោក បន្តថា រថយន្ត២គ្រឿងនេះ អាចដឹកទំនិញចន្លោះពី៤៥តោន ទៅដល់៦០តោន រយៈពេលពីរខែ គិតចាប់ពីថ្ងៃទី៧មេសា ដល់ថ្ងៃទី៦មិថុនា ឆ្នាំ២០២៦។ លោកបន្ថែមថា មន្រ្តីជំនាញ ពិតជាបានទទួលថវិកាមែន តែថវិកានោះ ជាទឹកចិត្តរបស់ម្ចាស់រថយន្តជូនដល់មន្រ្តីទុកទិញបាយ និងទឹកហូបប៉ុណ្ណោះ មិនមែនមន្រ្តីសម្រុតទារនោះទេ។ លោកអះអាងថា ម្ចាស់រថយន្តជូនថវិកា ដោយសារមន្រ្តីអនុញ្ញាតឱ្យពួកគាត់ធ្វើដំណើរទៅបន្តដោយគ្មានការពិន័យ ឬឃាត់ទុក៕

រាយការណ៍ដោយភ្នាក់ងារខេត្តក្រចេះ លោក សារី ណែត 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត