
ក្រុងសៀមរាប៖ ប្រាសាទទន្លេស្ងួត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងអង្គរធំ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់ពីថ្មភក់ និងថ្មបាយក្រៀម ដោយមានប្រាង្គកណ្តាលបែរមុខទៅទិសខាងកើត ចំទៅរកសំណង់រក្សាទឹក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២២មេសា...។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ប្រាសាទទន្លេស្ងួត មានបណ្តោយប្រវែង៨០០ម៉ែត្រ និងទទឹង៤០០ម៉ែត្រ។ ជា «អរោគ្យសាលា» ឬមន្ទីរពេទ្យសម័យបុរាណ មួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២ ដែលត្រូវបានកសាងឡើងនាសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបថបាយ័ន។ ប្រាសាទនេះ ធ្លាប់ជាទីសក្ការ និងជាមណ្ឌលព្យាបាលជំងឺ ជូនប្រជានុរាស្ដ្រនៅតំបន់ខាងជើងក្រុងអង្គរ ឬ រាជធានីយសោធរបុរៈ។ ក្រោយឆ្លងកាត់ការខូចខាតស្ទើរតែបាត់បង់រូបរាងដោយសារធម្មជាតិ ប្រាសាទទន្លេស្ងួត ត្រូវបានជួសជុលពង្រឹងរចនាសម្ព័ន្ធថ្ម ដែលទ្រុឌទ្រោមឱ្យមានភាពរឹងមាំឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា នៅដំណាក់កាលទី១ ពីឆ្នាំ២០១៩-២០២០។

ចំណែកដំណាក់កាលទី២ នៅឆ្នាំ២០២៥ បានជួសជុលផ្នែកមួយចំនួននៃទំនប់បុរាណ ថ្នល់បុរាណនៅក្បែរប្រាសាទ និងរានទស្សនា ដើម្បីបម្រើដល់ប្រយោជន៍សហគមន៍ និងការទស្សនារបស់ភ្ញៀវទេសចរ។ ការជួសជុលនេះ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនូវែលហ្សេឡង់។ អាជ្ញាធរជាតិអប្សរា បន្ថែមថា បច្ចុប្បន្នទន្លេស្ងួតលែងស្ងួតដូចឈ្មោះទៀតហើយ។ តាមរយៈការស្តារជួសជុលទំនប់ និងរៀបចំប្រព័ន្ធធារាសាស្ដ្របុរាណ ឱ្យមានជីវិតឡើងវិញ ទន្លេស្ងួត អាចស្តុកទឹកបានអតិបរមារហូតដល់ ៧សែន៧ម៉ឺនម៉ែត្រត្រីគុណ។ ការបញ្ចូលទឹកបានឡើងវិញនេះ ផ្តល់នូវគុណសម្បត្តិដល់សហគមន៍ដោយបង្កើនសោភ័ណភាព បរិស្ថានបៃតង និងជាប្រភពទឹកសម្រាប់បម្រើឱ្យវិស័យកសិកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញនោះ។ លើសពីនេះ ក៏ជាការរក្សាបាននូវសំណើមដី ដែលជាបច្ចេកទេសដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរក្នុងការទ្រទ្រង់គ្រឹះប្រាសាទឱ្យរឹងមាំផងដែរ៕






