
រដ្ឋធានីសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រទី១០ ខែមេសា ថា ស្តេចការទូតចចកចម្បាំងចិន បានរិះគន់ការដាក់សម្ពាធរបស់សហរដ្ឋអាម៉េរិកលើកូរ៉េខាងជើង ហើយប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយរដ្ឋនុយក្លេអ៊ែឯកោផ្នែកការទូតមួយនេះ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីព្យុងយ៉ាង។

សហរដ្ឋអាម៉េរិកបានដឹកនាំកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្សរ៍ ដើម្បីរំសាយកម្មវិធីនុយក្លេអ៊ែរបស់កូរ៉េខាងជើង ប៉ុន្តែជំនួបកំពូល ការដាក់ទណ្ឌកម្ម និងសម្ពាធការទូតនានា ហាក់ដូចជាមានប្រសិទ្ធភាពតិចតួចណាស់។ យ៉ាងណា រដ្ឋធានីប៉េកាំង គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កូរ៉េខាងជើង និងជាប្រភពដ៏សំខាន់នៃជំនួយផ្នែកការទូត សេដ្ឋកិច្ច និងនយោបាយសម្រាប់ប្រទេសផ្តាច់ការមួយនេះ។ ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) បានថ្លែងថា រដ្ឋធានីព្យុងយ៉ាងសម្រេចបាននូវសមិទ្ធផលថ្មីៗក្នុងការកសាងសង្គមនិយម ទោះបីអាម៉េរិក និងមហាអំណាចលោកខាងលិចព្យាយាមដាក់ប្រទេសនេះឱ្យនៅឯកោ និងច្របាច់កលើវិស័យសេដ្ឋកិច្ចក៏ដោយ។ នេះបើយើងតាមកាសែតកូរ៉ខាងជើង KCNA។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ួយ (Choe Son Hui) ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើងដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅគ្រប់កម្រិត និងលើគ្រប់វិស័យ ពង្រឹងការផ្លាស់ប្ដូរវប្បធម៌ និងផ្លាស់រវាងប្រជាជន និងប្រជាជន។ សូមជម្រាបថា ដំណើរទស្សនកិច្ចនេះបានកើតឡើង ចំពេលរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជំរុញឱ្យមានការរស់ឡើងវិញនៃកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយរដ្ឋធានីព្យុងយ៉ាង ខណៈជំនួបកំពូលរវាងលោក និង គីម ជុងអ៊ុន អាចកើតមាននៅឆ្នាំនេះ៕



