កូរ៉េខាងជើង បញ្ចេញឫទ្ធិមីស៊ីលថ្មីពីនាវាពិឃា.ត
ហៀប ស៊ីថេត
18 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារទី១៤ ខែមេសា ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលតម្រង់ទិសយុទ្ធសាស្ត្រ និងមីស៊ីលប្រឆាំងនាវាចម្បាំងចេញពីនាវាពិឃាតឆូយុន (Choe Hyon)...។

មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យការបាញ់សាកល្បងនេះដោយផ្ទាល់ រួមជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់ និងមេបញ្ជាការកងទ័ពជើងទឹកជាច្រើនរូប។ មីស៊ីលតម្រង់ទិសយុទ្ធសាស្ត្រចំនួន២គ្រាប់ និងមីស៊ីលប្រឆាំងនាវាចំនួន៣គ្រាប់ ត្រូវបានបាញ់ចេញដើម្បីត្រួតពិនិត្យប្រព័ន្ធបញ្ជាអាវុធរួមបញ្ចូលគ្នា និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃប្រព័ន្ធនាំផ្លូវដែលបានធ្វើទំនើបកម្មនាពេលបច្ចុប្បន្ន។

គ្រាប់មីស៊ីលទាំងអស់បានហោះកាត់ផ្ទៃទឹកឆ្នេរសមុទ្ទភាគខាងលិច និងបានវាយប្រហារគោលដៅដោយភាពជាក់លាក់បំផុត។ លោក គីម ក៏ទទួលបានរបាយការណ៍អំពីផែនការប្រព័ន្ធអាវុធសម្រាប់នាវាពិឃាតចំនួន២គ្រឿងទៀត ដែលកំពុងសាងសង់ផងដែរ។ មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពរារាំងសង្គ្រាមនុយក្លេអ៊ែរគឺជាអាទិភាពចម្បង ហើយលោកបានអំពាវនាវឱ្យមានការកែលម្អសមត្ថភាពវាយប្រហារយុទ្ធសាស្ត្រ និងការត្រៀមខ្លួនឆ្លើយតបឱ្យបានរហ័ស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត