ត្រាំ ស្នើឱ្យ ស៊ី ជីនពីង ផ្ដាច់ជំនួយអាវុធដល់អ៊ីរ៉ង់
ហៀប ស៊ីថេត
20 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងថា លោកបានស្នើដោយផ្ទាល់ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កុំឱ្យផ្តល់អាវុធដល់ប្រទេសអ៊ីរ៉ង់ ខណៈរដ្ឋធានីវ៉ាស៊ីនតោនកំពុងបង្កើនសម្ពាធដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ការបង្ហើបជុំវិញការស្នើសុំនេះ កើតមានឡើងនៅមុនជំនួបផ្លូវការរវាងមេដឹកនាំមហាអំណាចទាំង២ ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយ ខណៈបញ្ហាអ៊ីរ៉ង់ និងតៃវ៉ាន់ ត្រូវបានគេរំពឹងថា ជារបៀបវារៈដ៏ក្ដៅគគុកនៅលើតុចរចា។ គេនៅចាំបានកាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធភ្លាមៗចំនួន ៥០ភាគរយលើទំនិញនាំចូលពីប្រទេសណា ដែលហ៊ានផ្គត់ផ្គង់អាវុធឱ្យអ៊ីរ៉ង់។ ការគំរាមកំហែងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ «America First» ដើម្បីកាត់ផ្តាច់ជំនួយយោធាដល់រដ្ឋធានីតេហេរ៉ង់។

លោក ដូណាល់ ត្រាំ (ឆ្វេង) និងលោក ស៊ី ជីនពីង
លោក ដូណាល់ ត្រាំ (ឆ្វេង) និងលោក ស៊ី ជីនពីង

ការដាក់សម្ពាធលើប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្ម និងថាមពលដ៏ធំរបស់អ៊ីរ៉ង់ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដាក់គំនាប ដើម្បីបង្ខំឱ្យអ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ដែលសហរដ្ឋអាម៉េរិកចង់បាន។ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបផ្លូវការណាមួយពីរដ្ឋធានីប៉េកាំង ជុំវិញសំណើ ឬការគំរាមកំហែងពន្ធគយនេះនៅឡើយទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត