
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំមន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ជាពិសេស មន្រ្តីនៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដី ឱ្យអនុវត្ត«ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»ឱ្យត្រឹមត្រូវ និងតឹងរ៉ឹងបំផុត...។

បើតាមការឱ្យដឹងពីក្រសួងយុត្តិធម៌ ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស កាលពីថ្ងៃទី២១មេសា ឆ្នាំ២០២៦ ដែលមានការដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ហើយចូលរួមដោយ លោក ជីវ កេង ប្រធានតុលាការកំពូល, លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, មន្ត្រីតុលាការនៅតាមសាលាជម្រះក្ដី និងមន្រ្តីពាក់ព័ន្ធនានាក្នុងវិស័យយុត្តិធម៌ សរុបប្រមាណជិត៣០០០នាក់។

ក្រសួងយុត្តិធម៌បញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាឱ្យបាននូវការឯកភាពគ្នា ទាំងលើគោលជំហរ ទាំងលើទស្សនៈ និងខ្លឹមសារ នៅក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីនៅតាមតុលាការទាំងអស់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ថ្មីនេះ។ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ឆបោកអនឡាញ លោក កើត រិទ្ធ បានសំណូមពរដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីទាំងអស់ ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការផ្ដល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយ ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។

លោកសង្កត់ធ្ងន់ថា៖«ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ត្រូវត្រៀមលក្ខណៈ និងពង្រឹងតួនាទីគន្លឹះក្នុងការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការ ប្រកបដោយភាពហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន»។ លើសពីនេះ លោកក៏បានណែនាំឱ្យមន្រ្តីត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ទាំងលើការផ្ដន្ទាទោសជនល្មើសឱ្យបានតឹងរ៉ឹង ទាំងលើការប្រមូល និងរឹបអូសទ្រព្យសម្បត្តិកើតចេញពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួរជម្រាបថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ចេញព្រះរាជក្រមក្នុងនាម អង្គព្រះមហាក្សត្រ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦មេសា ឆ្នាំ២០២៦។ ច្បាប់នេះ មានគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មនេះ៕




