ក្រោមស្រមោលឈ្លានពាន អនុទីន ជំរុញឱ្យចាយលុយច្រើនជាងគេលើវិស័យការពារជាតិ
ហៀប ស៊ីថេត
3 ម៉ោងមុន

រាជធានីបាងកក​៖ ស្របពេលស្ថានការព្រំដែនកម្ពុជា-ថៃ កម្រើកតិចៗសាជាថ្មី រាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) បានទម្លាយពីកញ្ចប់ថវិកាជាតិយ៉ាងច្រើនមហាសាល ដល់ទៅជាង១០០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៧ ដោយផ្តោតសំខាន់លើសមត្ថភាពយោធាជាអាទិភាពខ្ពស់បំផុត។ ជះលុយច្រើនម្លឹងៗ តើថៃចង់ការពារខ្លួន ឬក៏កំពុងរៀបចំផែនការឈ្លានពានប្រទេសជិតខាង ដូចដែលខ្លួនធ្លាប់បានធ្វើនាពេលកន្លង..? 

អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล)
អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล)

នៅក្នុងសិក្ខាសាលាស្តីពីគោលនយោបាយថវិកាជាតិ អនុទីន ឆានវីរគុល បានលើកឡើងថា ពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំង រួមទាំងស្ថានការណ៍ព្រំដែនជាមួយកម្ពុជា និងជម្លោះនៅមជ្ឈិមបូព៌ា កំពុងប៉ះពាល់ដល់សន្តិសុខថាមពល និងលក្ខខណ្ឌសេដ្ឋកិច្ចសកល។ លោកលើកឡើងថា រាជរដ្ឋាភិបាលថៃ ត្រូវតែបន្ស៊ាំខ្លួនដោយការបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយដែលមិនចាំបាច់ ដើម្បីធានាថា រាល់ខ្ទង់ចំណាយថវិកាទាំងអស់ ត្រូវផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់ប្រទេសជាតិ។ កញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២៧ ត្រូវបានស្នើឡើងមានចំនួន៣,៧ពាន់ពាន់បាត ឬស្មើប្រមាណជាង១០៣ពាន់លានដុល្លារ។ អានុទីន បញ្ជាក់ថា ផែនការនេះត្រូវតែមានភាពច្បាស់លាស់ និងចំគោលដៅ ស្របតាមក្របខណ្ឌគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងដឹកនាំប្រទេសថៃឱ្យឆ្លងផុតបញ្ហាប្រឈមសេដ្ឋកិច្ច និងឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពរយៈពេលវែង។

អនុទីន ក៏បានគូសបញ្ជាក់អំពីវិស័យគោលនយោបាយសំខាន់ៗចំនួន៥រួមមាន៖ ការអភិវឌ្ឍសេដ្ឋកិច្ច, កិច្ចការបរទេស និងសន្តិសុខជាតិ, ការអភិវឌ្ឍសង្គម រួមទាំងការគ្រប់គ្រងគ្រោះមហន្តរាយ និងបរិស្ថាន, ការកែទម្រង់វិស័យសាធារណៈ និងវិធានការប្រឆាំងអំពើពុករលួយ។ លើសពីនេះ អនុទីន ឆានវីរគុល និយាយថា រាជរដ្ឋាភិបាលថៃ ផ្តល់សារសំខាន់ខ្លាំងលើការត្រៀមលក្ខណៈយោធា និងការការពារអធិបតេយ្យភាព ហើយអាវុធ និងគ្រឿងបរិក្ខារយោធា ត្រូវតែត្រៀមខ្លួនជាស្រេច និងមានសមត្ថភាពពេញលេញ។ «យើងមិនត្រូវបណ្តោយឱ្យកម្លាំង(សត្រូវ) អាចចូលឈ្លានពានប្រទេសរបស់យើង នៅពេលណាក៏បាននោះឡើយ»។ កន្លងមក គេគ្រប់ដឹងថា គ្មានប្រទេសណាមួយទៅឈ្លានពានប្រទេសថៃទេ មានតែយោធាថៃខ្លួនឯងទេ ដែលបើកការឈ្លានពានទឹកដីកម្ពុជា យ៉ាងកំរោល ព្រៃផ្សៃ និងឃោរឃៅបំផុត ហើយថែមទាំងកាន់កាប់ជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ពោលគឺហួសផែនទីដែលថៃធ្លាប់គូសដោយឯកតោភាគីទៅទៀត។  

តើអាចទេ..ដែលរាជរដ្ឋាភិបាលថៃ ផ្តោតលើវិស័យការពារជាតិជាអាទិភាពសំខាន់បំផុត ដើម្បីបន្តដុតបញ្ឆេះភ្លើងសង្គ្រាមឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាកាន់តែខ្លាំងបន្ថែមទៀត..? ទោះមែនឬមិនមែនក៏ដោយ កម្ពុជាត្រូវតែតាមដានឱ្យជាប់នូវរាល់ចលនាយោធារបស់ថៃ និងការត្រៀមខ្លួនវាយបកខ្មាំងសត្រូវ ក្នុងករណីផ្ទុះសង្គ្រាមជុំទី៣។ ក្នុងនាមជាម្ចាស់ទឹកដី កម្ពុជាមិនត្រូវញញើតនឹងការសម្ញែងសាច់ដុំរបស់ខ្លាក្រដាស រាជធានីបាងកកឡើយ ព្រោះសេចក្តីមរណលើសមរភូមិ ដើម្បីបុព្វហេតុជាតិ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនខ្មែរ ដែលមិនអាចកាត់ថ្លៃបាន៕

រូបភាព៖ តំណាងឱ្យថៃឈ្លានពានកម្ពុជា
រូបភាព៖ តំណាងឱ្យថៃឈ្លានពានកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត