
ព្រំដែនកម្ពុជា-ថៃ៖ មហិច្ឆតាឈ្លានពានរបស់យោធាថៃ បានរើឡើងវិញហើយ បន្ទាប់ពីកងទ័ពជើងទឹកចេញមុខគំរាមកំហែងថា នឹងប្រើវិធានការសងសឹកមកលើកម្ពុជា ដោយយកលេស«បាត់ទង់ជាតិ»។ នេះជារឿងដ៏គួរឱ្យអស់សំណើច! អស់សំណើច ក៏នៅត្រង់ថា អស់ពីយកលេសរឿងកូនទាហានដើរជាន់មីន ភាគីថៃ បែរជាយកលេសបាត់ទង់ជាតិវិញម្ដង ខណៈសកម្មភាពនេះ បង្ហាញយ៉ាងច្បាស់ពីចេតនាទុច្ចរិតយ៉ាងពិតប្រាកដ ដែលភាគីថៃតែងតែចិញ្ចឹមចង់ចិត្តលេបត្របាក់ទឹកដីកម្ពុជាម្ដងហើយម្ដងទៀត។ តើយោធាថៃ ពិតជាចង់រកលេសបង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ជាលើកទី៣ មែនឬ..? ហើយចុះបើមែន តើភាគីកម្ពុជាត្រៀមខ្លួនរួចរាល់ហើយឬនៅ..?

សារព័ត៌មានថៃ បានចេញផ្សាយព្រោងព្រាតពីសកម្មភាពអាជ្ញាធរ យោធា និងពលរដ្ឋថៃ នាំគ្នាយកគ្រឿងចក្រមកចាក់ដីលុបអូរធម្មជាតិដែលមានរាងជាអក្សរ (U) នៅភូមិផៈកាត(ผักกาด) ស្រុកពោងណាំរ៉ុន (โป่งน้ำร้อน) ខេត្តចន្ទបុរី (จันทบุรี) ក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននៃប្រទេសកម្ពុជា។ ការចាក់ដីលុបអូរដែលជាខ្សែបន្ទាត់ព្រំដែនធម្មជាតិខណ្ឌចែកប្រទេសទាំង២ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងព្រំដែន ដែលបានចុះហត្ថលេខាព្រមព្រៀងគ្នាកន្លងមក។ ការកែប្រែខ្សែទឹកពីកោងមកត្រង់នេះ គឺជាយុទ្ធសាស្ត្រដើម្បីពង្រីកទឹកដីរបស់ភាគីថៃ និងការលេបយកទឹកដីកម្ពុជាស្រស់ៗ ដោយគ្មានភាពអៀនខ្មាស។

ក្រៅពីបានបញ្ជូនគ្រឿងចក្រឈូសឆាយ លុបអូរធម្មជាតិ និងឈ្លានពានដីព្រំដែនកម្ពុជារួចមក ភាគីថៃ ក៏បានរៀបចំឆាកល្ខោនថ្មីមួយទៀត គឺ«បាត់ទង់ជាតិ» កាលពីថ្ងៃទី១៨ ខែមេសា។ ទង្វើនេះ ត្រូវបានគេមើលឃើញថា ជាការរៀបចំសម្ដែងឡើងដើម្បីយកលេសបើកការឈ្លានពានកម្ពុជាសាជាថ្មី ឬដែលសារព័ត៌មានថៃផ្សាយថា [សង្គ្រាមជុំទី៣]។ កន្លងមក ថៃធ្លាប់សម្ដែងរឿងកូនទាហានដើរជាន់មីនដាច់ជើង រួចក៏បើកការឈ្លានពានមកលើកម្ពុជាយ៉ាងកំរោល និងព្រៃផ្សៃតែម្ដង។ ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក ប៉ារ៉ាច់ រតនៈជ័យភណ្ឌ (ปารัช รัตนไชยพันธ์) បាននិយាយបង្កប់ដោយខ្លឹមសារគំហែងកំហែងថា យោធាថៃនឹងវាយប្រហារសងសឹកភ្លាមៗ ប្រសិនបើរកឃើញថា មានការជ្រៀតចូលពីកងទ័ពកម្ពុជា។ នេះជាភាសាឈ្លានពាន និងស្រេកឃ្លានសង្គ្រាមពីសំណាក់ភាគីថៃ ខណៈកម្ពុជាបានបដិសេធយ៉ាងដាច់អហង្កា គ្មានការពាក់ព័ន្ធនឹងរឿងបាត់ទង់ជាតិថៃនោះឡើយ។

គួរបញ្ជាក់ថា ការលើកបង្គោល និងបង្ហូតទង់ជាតិថៃនៅលើដីដែលទើបតែចាក់លុបអូរថ្មីៗនេះ មិនមែនជាការការពារអធិបតេយ្យភាពនោះទេ ប៉ុន្តែវាជាសញ្ញានៃការឈ្លានពានយ៉ាងច្បាស់ក្រឡែត។ សរុបមក ស្ថានការណ៍នៅខេត្តចន្ទបុរីនៅពេលនេះ គឺជាការបង្កហេតុដោយចេតនារបស់ភាគីថៃ ខណៈយោធាឈ្លានពានតែងតែរកលេស ប្រើប្រាស់គ្រប់វិធីសាស្ដ្រ និងគ្រប់មធ្យោបាយស្មោគគ្រោក ដើម្បីរំលោភបំពានអធិបតេយ្យភាពកម្ពុជាតាំងពីដើមរៀងមក។ ពេលនេះ ប្រជាពលរដ្ឋខ្មែរបានចោទជាសំណួរថា តើថៃពិតជាចង់បានទឹកដីកម្ពុជា កាន់កាប់ដោយខុសច្បាប់បន្ថែមពីលើ១៤ទីតាំងក្នុងពេលបច្ចុប្បន្ន តាមរយៈការបង្កសង្គ្រាមជុំទី៣ទៀត ឬយ៉ាងណា? ចុះបើថៃមានផែនការបែបនេះមែន តើរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនទប់ទល់ចោរខ្មាំងរួចរាល់ហើយឬនៅ ក្រៅតែពីយន្តការណ៍ដោះស្រាយដោយសន្តិវិធី ដែលមិនមានវឌ្ឍនភាព?...៕





