
រាជធានីបាងកក៖ ស្របពេលស្ថានការណ៍សង្គ្រាមស៊ីវិលនៅប្រទេសភូមាកាន់តែឆេះសន្ធោសន្ធៅ រាជរដ្ឋាភិបាលថៃ កំពុងបង្ហាញពីភាពជ្រួលច្របល់ ដោយបានចេញបញ្ជាដាក់ខេត្តជាប់ព្រំដែនជាមួយភូមាចំនួន៤រួមមាន៖ ខេត្តម៉ែហុងស៊ុន, ឈៀងម៉ៃ, ឈៀងរ៉ៃ, និងខេត្តតាក ឱ្យត្រៀមកម្លាំងប្រុងប្រយ័ត្ន២៤ម៉ោងលើ២៤ម៉ោង បន្ទាប់ពីគ្រាប់បែករបបសឹកបានធ្លាក់ចូលក្នុងទឹកដីថៃ...។

ចំណាត់ការនេះ មើលទៅហាក់កំពុងបង្ហាញថា យោធាថៃកំពុងផ្អើលឆោឡោជាខ្លាំង ខណៈប្រទេសមួយនេះធ្លាប់តែបង្ហាញសាច់ដុំយោធាយ៉ាងក្រអឺតក្រទម ដាក់ប្រទេសជិតខាងដូចជាកម្ពុជា។ ទោះបីគ្រាប់បែកបានធ្លាក់ទៅលើភូមិដ្ឋានរបស់ប្រជាជនថៃក្នុងខេត្តម៉ែហុងសន កាលពីថ្ងៃម្សិលមិញ ប៉ុន្តែយោធាថៃបានត្រឹមដាក់ខេត្តទាំង៤ខាងលើ ឱ្យប្រុងប្រយ័ត្ន២៤ម៉ោងលើ២៤ម៉ោងតែប៉ុណ្ណោះ ដោយមិនហ៊ានក្អកគ្រហែមដាក់យោធាភូមាវិញឡើយ។ បទបញ្ជាថ្មីនេះ ជំរុញឱ្យមន្ត្រីយោធាក្នុងមូលដ្ឋានចុះល្បាតពេញ ២៤ម៉ោង និងកំពុងទទួលរងការរិះគន់ថា ជាការអនុវត្តតាមពីក្រោយសភាពការណ៍ និង ធ្វេសប្រហែស។ បទបញ្ជាទាំងនោះរួមមាន៖ ការរឹតបន្តឹងច្រកព្រំដែន, ការថែរក្សាទ្រព្យសម្បត្តិតាមបណ្តោយព្រំដែន, និងសុវត្ថិភាពសាធារណៈ។

ទោះបីជាថៃសន្យាថា នឹងផ្តល់ជំនួយផ្ទះសម្បែងដែលរងការខូចខាតក៏ដោយ ប៉ុន្តែប្រជាជនរស់នៅតាមបណ្តោយព្រំដែនថៃ-ភូមា នៅតែបន្តរស់នៅក្នុងភាពភ័យខ្លាច ដោយសារគ្មានប្រព័ន្ធការពារដែនអាកាស ឬវិធានការទប់ស្កាត់គ្រាប់កាំភ្លើងធំរបស់របបសឹកភូមា ដែលផ្លោងហោះឆ្លងព្រំដែនបានឡើយ។ សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមេសាម្សិលមិញ យន្តហោះចម្បាំងភូមា ឬមីយ៉ាន់ម៉ា បានហោះចូលទៅទម្លាក់គ្រាប់ក្បែរព្រំដែន រហូតមានគ្រាប់ធ្លាក់ចូលមកក្នុងដីថៃផងដែរ។ នេះបង្ហាញយ៉ាងច្បាស់ពីភាពភ័យខ្លាចរបស់យោធាថៃជាមួយនឹងយោធាភូមា ក៏ដូចជាទន់ខ្សោយលើការការពារអធិបតេយ្យភាពផងដែរ ដែលការប្រព្រឹត្តនេះ ហាក់ផ្ទុយស្រឡះពីទង្វើធ្វើជាមួយកម្ពុជា ដែលយោធាថៃតែងបង្ហាញភាពក្រអឺតក្រទម និងចិញ្ចឹមចិត្តឈ្លានពាន៕





