ចិនលូកដៃកែស្ថានការណ៍! ស៊ី ជីនពីង ជំរុញឱ្យបើកច្រកហ័រមូស្សបន្ទាន់ សង្គ្រោះរំហូរប្រេងពិភពលោក
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអំពាវនាវឱ្យមានការរក្សានូវការចរាចរនាវាជាធម្មតាឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស ក្នុងអំឡុងពេលកិច្ចសន្ទនាតាមទូរសព្ទជាមួយព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន (Mohammed bin Salman) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ខណៈរដ្ឋធានីប៉េកាំងកំពុងបង្កើនតួនាទីជាអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្រ្គាមរវាងអាម៉េរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់...

លោកស៊ី ជីនពីង
លោកស៊ី ជីនពីង

ការចេញមុខរបស់មេដឹកនាំចិននៅពេលនេះ កើតឡើងចំពេលពិភពលោកកំពុងព្រួយបារម្ភជាថ្មី អំពីអស្ថិរភាពនៃផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ បន្ទាប់ពីបទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ជួបភាពរង្គោះរង្គើ ដោយសារសហរដ្ឋអាម៉េរិករឹបអូសនាវាដឹកទំនិញរបស់អ៊ីរ៉ង់ ហើយរដ្ឋធានីតេហេរ៉ង់ បានឆ្លើយតបវិញដោយការបដិសេធមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជុំថ្មី។ ចិនដែលជាអ្នកបញ្ជាទិញប្រេងឆៅដ៏ធំបំផុតពីអ៊ីរ៉ង់ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការបិទច្រកសមុទ្ទនេះ ដែលត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ។

ក្នុងកិច្ចសន្ទនាដ៏សំខាន់នោះ លោក ស៊ី បានសង្កត់ធ្ងន់ថា ការរក្សាច្រកសមុទ្ទហ័រមូស្សឱ្យនៅតែបើកចំហ គឺជាផលប្រយោជន៍រួមសម្រាប់បណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល។ មេដឹកនាំចិនរូបនេះ បានបញ្ជាក់ពីជំហររបស់រដ្ឋធានីប៉េកាំង ក្នុងការដោះស្រាយជម្លោះតាមរយៈផ្លូវការទូត និងការចរចានយោបាយជាជាងការប្រើប្រាស់កម្លាំងបាយ ព្រមទាំងបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ គោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់។ លើសពីនេះ លោក ស៊ី ក៏បានសម្ដែងការគាំទ្រដល់បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា ក្នុងការកាន់កាប់ជោគវាសនា និងសន្តិសុខតំបន់ដោយដៃខ្លួនឯង ដែលនេះជាសញ្ញានៃការព្យាយាមកាត់បន្ថយឥទ្ធិពលយោធារបស់សហរដ្ឋអាម៉េរិក និងស្ដារស្ថិរភាពយូរអង្វែងឡើងវិញ ដើម្បីការពារខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលពិភពលោក ដែលកំពុងរង្គោះរង្គើ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត