
លីបង់៖ មកដល់ពេលនេះ នៅប្រទេសលីបង់ មានកុមារជាង១៧០នាក់ហើយ ដែលបាត់បង់ជីវិត និងកុមារជាង៧០០នាក់ផ្សេងទៀត បានរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ នេះបើតាមរបាយការណ៍ បញ្ចេញដោយលោក ស្ទេហ្វាន ឌូហ្សារីក (Stephane Dujarric) អ្នកនាំពាក្យអង្គការសហប្រជាជាតិ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែមេសា។

លោក ឌូហ្សារីក បង្ហាញតួលេខទៀតថា ប្រជាជនលីបង់ជាង៣៥ម៉ឺននាក់ បានភៀសខ្លួនចាកចេញពីផ្ទះសម្បែង។ លីបង់ និងអ៊ីស្រាអែល ទើបនឹងចុះកិច្ចព្រមព្រៀមផ្អាកបាញ់គ្នារយៈពេល១០ថ្ងៃ ប៉ុន្តែ អ្នកនាំពាក្យអង្គការសហប្រជាជាតិ មើលឃើញថា បទឈប់បាញ់នេះ នៅមានភាពផុសស្រួយនៅឡើយ។

លោក ឌូហ្សារីក អះអាងថា ជាក់ស្តែង កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតែសង្កេតឃើញ មានការបាញ់ប្រហារពីសំណាក់អ៊ីស្រាអែល ទៅលើភាគខាងត្បូងប្រទេសលីបង់ដដែល។ អ្នកនាំពាក្យអង្គការសហប្រជាជាតិរូបនេះ ស្នើឡើងយ៉ាងដូច្នេះថា៖«គ្រប់ភាគី ត្រូវប្រកាន់ភ្ជាប់នូវការអត់ធ្មត់ខ្ពស់បំផុត និងត្រូវគោរពបទឈប់បាញ់ឱ្យបានពេញលេញ»៕





