ក្រសួងកសិកម្ម អំពាវនាវពលរដ្ឋភៀសសឹកក្នុងឃុំស្លក្រាម ចុះឈ្មោះក្នុងគម្រោងចិញ្ចឹមមាន់ស្រែតាមផ្ទះ
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅតំបន់ជម្រកបណ្ដោះអាសន្ន នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចុះឈ្មោះបង្កើតមុខរបរថ្មីជាមួយគម្រោងចិញ្ចឹមមាន់ស្រែ នៅតាមផ្ទះជាលក្ខណៈសហគមន៍ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងការកសាងជីវិភាពថ្មី…។

នៅលើទំព័រហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី២០មេសា ឆ្នាំ២០២៦ លោក ឃឹម ហ្វីណង់ បានអំពាវនាវឱ្យពលរដ្ឋភៀសសឹកនៅតំបន់ជម្រកបណ្តោះអាសន្នខាងលើ ងាកមកចាប់អារម្មណ៍លើការចិញ្ចឹមមាន់ស្រែនៅតាមផ្ទះ ជាលក្ខណៈសហគមន៍ សូមអញ្ជើញមកចុះឈ្មោះចូលរួមជាមួយគម្រោងរបស់ក្រសួង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយក្រុមការងារក្រសួង នឹងរង់ចាំទទួលនៅទីតាំងតំបន់ជម្រកបណ្ដោះអាសន្នដោយផ្ទាល់។ លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ក្រោយចុះឈ្មោះរួច ពលរដ្ឋក្នុង១គ្រួសារ នឹងទទួលបានទ្រុងចិញ្ចឹមមាន់ស្ដង់ដារចំនួន១, ពូជកូនមាន់ស្រែអាយុ២១ថ្ងៃ ចំនួន១០០ក្បាល, ការគាំទ្រវ៉ាក់សាំងការពារជំងឺ, ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង, ការបណ្ដុះបណ្ដាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការធានាទិញយកវិញពេលប្រមូលផលក្នុងតម្លៃសមរម្យ។

អ្នកនាំពាក្យក្រសួងកសិកម្ម អះអាងថា ក្រសួងនឹងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ទាំងលើការបង្ហាត់បង្រៀនបច្ចេកទេស ដើមទុនចំណាយលើការចិញ្ចឹម និងការភ្ជាប់ទីផ្សារទុកជាមុនផងដែរ។ នេះជាវិធានការមួយ ក្នុងចំណោមវិធានការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីស្ដារជីវភាពពលរដ្ឋដែលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានរបស់ថៃ មកលើកម្ពុជា។ សូមជម្រាបថា បច្ចុប្បន្ន មានប្រជាពលរដ្ឋភៀសសឹកជាច្រើនពាន់គ្រួសារ បាននិងកំពុងស្នាក់នៅជម្រកបណ្ដោះអាស្ន (ផ្ទះអតីតយុទ្ធជន) ក្នុងខេត្តបន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ ដោយពួកគាត់មិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ព្រោះតែយោធាថៃឈ្លានពានបាននិងកំពុងកាន់កាប់ទឹកដីកម្ពុជា ជាច្រើនទីតាំងដោយខុសច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត