ក្រសួងកសិកម្ម ចុះ MoU ជាមួយវិស័យឯកជន ផ្ដល់កម្ចីការប្រាក់ទាប៣លានដុល្លារ ជូនសហគមន៍កសិកម្មទំនើប
S
Soriya Sou
21 មករា 2026 02:45 AM


រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២០មករា ឆ្នាំ២០២៦ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារឯកជនមួយ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប…។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម , លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង និងតំណាងធនាគារស្ថាបនា។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម , លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង និងតំណាងធនាគារស្ថាបនា។

អនុស្សរណៈនេះ ចុះហត្ថលេខាដោយ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងតំណាងធនាគារឯកជន ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម។ មន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា ធនាគារមួយនេះ ជាធនាគារដៃគូទី៥ ដែលបានចុះ MoU ជាមួយក្រសួងកសិកម្ម ដើម្បីផ្ដល់ទុនកម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើប ដោយធនាគារនេះ នឹងត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣លានដុល្លារអាម៉រិក សម្រាប់ផ្តល់ជាឥណទានជូនដល់សហគមន៍ក្នុងលក្ខខណ្ឌសមស្របមួយ។

ក្រៅពីវិស័យធនាគារ ក្រសួងកសិកម្ម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនឯកជន ខាបូន ខេភីថល ដែលជាក្រុមហ៊ុនធ្វើការប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក មកធ្វើផលិតកម្មជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន ផ្គត់ផ្គង់ជីកំប៉ុសគុណភាពខ្ពស់ បង្កើតប្រភពចំណូលបន្ថែមជូនប្រជាកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។ តាមរយៈអនុស្សរណៈនេះផងដែរ ក្រុមហ៊ុន នឹងធ្វើវិភាគទានប្រាក់ចំណូលមួយផ្នែក សម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្មលោក ឌិត ទីណា បានប្រកាសស្វាគមន៍ និងមានមោទកភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការថ្មី ជាមួយវិស័យឯកជន ហើយវានឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើននិរន្តភាព។

<br />

លោកបានអរគុណដល់វិស័យឯកជនទាំងពីរខាងលើ ដែលផ្ដល់ទុនកម្ចីដើម្បីគាំទ្រសហគមន៍កសិកម្មទំនើប និងការចែករំលែកចំណូល ដើម្បីគាំទ្រផលប្រយោជន៍រួមរបស់សង្គម ជាពិសេស ការគាំទ្រមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។ លោកបានលើកទឹកចិត្តឱ្យស្ថាប័នវិស័យឯកជនដទៃទៀត សូមចូលរួមលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាបន្តទៀត។ សូមជម្រាបថា កម្ពុជាបាននិងកំពុងប្រែក្លាយពីកសិកម្មបែបប្រពៃណីមកជាកសិកម្មទំនើប សំដៅធ្វើយ៉ាងណាឱ្យប្រជាកសិករអាចបង្កើនទិន្នផល និងការរកចំណូលបានប្រសើរជាងមុន។ លោក ឃឹម ហ្វីណង់ ធ្លាប់បានថ្លែងថា ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ ក្រសួងកសិកម្ម មានផែនការបង្កើតសហគមន៍កសិកម្មទំនើបឱ្យបាន៥០កន្លែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត