សហព័ន្ធម្រេចកម្ពុជា ស្វែងរកទីផ្សារនាំចេញថ្មី កាត់បន្ថយការពឹងផ្អែកខ្លាំងលើវៀតណាម
អុន សម្ផស្ស
21 សីហា 2025 04:30 AM

រាជធានីភ្នំពេញ៖ សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) កំពុងស្វះស្វែងរកទីផ្សារនាំចេញម្រេចបន្ថែម ទៅកាន់ទីផ្សារប្រទេសចិន និងអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើទីផ្សារប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១សីហា ឆ្នាំ២០២៥..។   

ការលើកឡើងរបស់សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ធ្វើឡើងក្នុងជំនួបជាមួយ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតមកពីនាយកដ្ឋានដំណាំឧស្សាហកម្ម និងនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ កាលពីថ្ងៃទី១៩សីហា។ ក្នុងជំនួបពិភាក្សានោះ CPSF បានរាយការណ៍ពីវឌ្ឍនភាពការងារពាក់ព័ន្ធ តម្លៃ និងទិន្នផល ដោយកត់សម្គាល់ថា តម្លៃម្រេចមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែទិន្នផលម្រេចបែរជាធ្លាក់ចុះដោយសារបញ្ហាប្រែប្រួលអាកាសធាតុ។ ការធ្លាក់ចុះទិន្នផលម្រេចនេះ ធ្វើឱ្យកសិករមួយចំនួនខាតបង់ ទោះបីជាតម្លៃលក់បានខ្ពស់ក៏ដោយ។ មួយវិញទៀតទីផ្សារនាំចេញរបស់កម្ពុជា នៅតែពឹងផ្អែកខ្លាំងលើទីផ្សារវៀតណាមសម្រាប់ការនាំចេញ។

ករណីនេះ សហព័ន្ធលើកឡើងថា៖«កំពុងខិតខំប្រឹងប្រែងពង្រីកទីផ្សារថ្មីៗ ជាពិសេសទីផ្សារចិន និងអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ»។ ក្នុងន័យនេះ សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ស្នើសុំឱ្យក្រសួងកសិកម្ម ចុះបញ្ជីកសិដ្ឋាន ឬសមាគមមានលក្ខណៈប្រមូលផ្តុំ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីបង្កើនភាពងាយស្រួលក្នុងការនាំចេញ ព្រមទាំងបង្កើនការងារចុះបញ្ជីចម្ការម្រេចឱ្យបានច្រើនជាងមុន បន្ធូរបន្ថយថ្លៃចំណាយ និងជួយផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិផ្ទៃដីផលិកម្ម និងបរិមាណផលម្រេចនៅទូទាំងប្រទេស ដើម្បីទទួលបាននូវទិន្នន័យពិតប្រាកដសម្រាប់ការចរចាទីផ្សារជាមួយអ្នកវិនិយោគបរទេស។

សូមជម្រាបថា តាមការបញ្ជាក់ពីនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ បច្ចុប្បន្ន មានចម្ការម្រេច ចំនួន១២៦ បានចុះបញ្ជីជាចម្ការការអនុវត្តកសិកម្មល្អ ហើយនាយកដ្ឋានកំពុងបន្តជំរុញការចុះបញ្ជីចម្ការថ្មីៗបន្ថែមទៀត។ ចំពោះការចុះបញ្ជី គឺមានការចូលរួមគាំទ្រពីគម្រោងដៃគូអភិវឌ្ឍន៍ភាពជាដៃគូវាងសហភាពអឺរ៉ុប អាល្លឺម៉ង់-កម្ពុជា សម្រាប់វិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព (EU-German CAPSAFE) ម្ចាស់ចម្ការ គឺមិនត្រូវបានបង់ប្រាក់ទេ។ មួយវិញទៀតក្រសួង បាននិងកំពុងចូលរួមដោះស្រាយបន្ទុកចំណាយដល់កសិករគំរូមួយចំនួន បង្កើតចលនាជំរុញ និងពន្យល់ដល់ម្ចាស់ចម្ការស្ម័គ្រចិត្ត ចុះបញ្ជីតាមស្ដង់ដារកសិកម្មល្អ និងកសិកម្មសរីរាង្គឱ្យកាន់តែច្រើន។ ទន្ទឹមនោះ ក្រសួងក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជំនាញពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់វិស័យម្រេច ពង្រីកទីផ្សារនាំចេញ ព្រមទាំងពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត