កម្ពុជាចំណាយជាង៦០០លានដុល្លារនាំចូលជី និងថ្នាំកសិកម្មមែន ប៉ុន្តែផលសេដ្ឋកិច្ចទទួលបានខ្ពស់
S
Soriya Sou
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ ឆ្លើយតបនឹងការបញ្ចេញមតិភ្ញាក់ផ្អើលរបស់សាធារណៈជនមួយចំនួន ជុំវិញតួលេខនាំចូលជី និងថ្នាំកសិកម្មរបស់កម្ពុជា ក្នុងទំហំទឹកប្រាក់៦៣៦លានដុល្លារ កាលពីឆ្នាំ២០២៥ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា វាមិនមែនជារឿងខាតបង់ទេ ប៉ុន្តែវាជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ…។

អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានឱ្យដឹងនៅថ្ងៃទី១៧មីនានេះថា ការនាំធាតុចូលកសិកម្ម ជាពិសេស​ អ្វីដែលយើងនៅមិនទាន់មានសមត្ថភាពផលិតបាននៅឡើយ ដូចជា៖ ជី ថ្នាំគីមីជាដើម មិនមែនជាការខាតបង់ទេ។ ផ្ទុយទៅវិញ វាគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិយ៉ាងធំធេង។ អ្នកនាំពាក្យអះអាងបន្តថា កាលពីឆ្នាំ២០២៥ ផលសេដ្ឋកិច្ចដែលកម្ពុជាទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់៩៧៧០លានដុល្លារ បានពីបរិមាណផលសរុប៤០,៧៨លានតោន ក្នុងនោះ៖ ដំណាំស្រូវជាង៣ពាន់លានដុល្លារ, ដំណាំឧស្សាហកម្មជាង៣ពាន់លានដុល្លារ, ដំណាំសាកវប្បកម្មជាង២ពាន់លានដុល្លារ និងដំណាំកៅស៊ូជិត១ពាន់លានដុល្លារ។ វាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យកម្ពុជាទាញយកចំណូលពីការនាំចេញកសិផលរហូតដល់ទៅ៥៦២៤លានដុល្លារផងដែរ។

សូមជម្រាបថា ក្រៅពីគ្រាប់ពូជល្អហើយនោះ ការធ្វើកសិកម្មផ្នែកដាំដុះ ពិតជាមិនអាចខ្វះបាននូវជី និងថ្នាំកសិកម្ម ដើម្បីអាចជួយឱ្យដំណាំរបស់ប្រជាកសិករលូតលាស់ និងទទួលបានទិន្នផលល្អ លក់បានតម្លៃខ្ពស់នៅលើទីផ្សារ។ លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា កម្ពុជាមានភាពចាំបាច់ត្រូវការនាំចូលធាតុចូលកសិកម្ម ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងការពារដំណាំពីសត្វល្អិតចង្រៃ ឬជំងឺផ្សេងៗ បន្ថែមពីលើអ្វីដែលយើងមានសមត្ថភាពផលិតបាននៅក្នុងស្រុកដោយខ្លួនឯង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត