រោងម៉ាស៊ីនដៃគូរដ្ឋ បន្តដើរប្រមូលទិញស្រូវពីកសិករ បានជាង១៥០០០តោននៅទូទាំងប្រទេស
S
Soriya Sou
10 វិច្ឆិកា 2025 10:00 AM

រាជធានីភ្នំពេញ៖ ស្រូវប្រមាណជាង១៥០០០តោនបន្ថែមទៀត ត្រូវបានរោងម៉ាស៊ីនដែលជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើរប្រមូលទិញពីបងប្អូនប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា…។

<br />

ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២៥នេះថា រោងម៉ាស៊ីនដៃគូរបស់ក្រសួងចំនួន៣១ បានបន្តប្រមូលទិញស្រូវចំនួនជាង១៥០០០តោន ពីបងប្អូនប្រជាកសិករទូទាំងប្រទេស ស្របពេលដែលការប្រមូលផលស្រូវនឹងហក់ឡើងជាបន្តបន្ទាប់នៅក្នុងខែវិច្ឆិកានេះ។ ការប្រមូលទិញស្រូវពីប្រជាកសិករមិនទាន់បញ្ឈប់នោះទេ ពោលគឺក្រសួង និងដៃគូទាំងអស់ នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការសម្របសម្រួលប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ដោយមិនទុកឱ្យកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។ នេះបើតាមលោក រដ្ឋមន្ត្រី ឌិត ទីណា!

លោក ឌិត ទីណា មានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ តែងតែនៅជាមួយប្រជាកសិករគ្រប់កាលៈទេសៈ។ លោកថា នៅពេលខ្វះទឹកធ្វើស្រែ រដ្ឋនឹងជួយដោះស្រាយបញ្ហាទឹកជូន ហើយពេលខូចខាតដោយសារទឹកជំនន់ រដ្ឋក៏ជួយចែកស្រូវពូជជូនកសិករ។ លើសពីនេះ នៅពេលប្រមូលផល រដ្ឋតាមរយៈក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ នឹងជួយស្វែងរកទីផ្សារជូន ទោះមិនបានតម្លៃដូចការចង់បាន ប៉ុន្តែក៏មិនឱ្យកកស្ទះដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី៨វិច្ឆិកា រាជរដ្ឋាភិបាល បានទម្លាក់ថវិកាចំនួន៤០លានដុល្លារអាម៉េរិក ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីបង្វិលដល់រោងម៉ាស៊ីនកិនស្រូវជាដៃគូក្រសួងកសិកម្ម និងធនាគារ ARDB ដើរប្រមូលទិញស្រូវតាមតម្លៃសមរម្យពីប្រជាកសិករ។

គួរកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី៦-១០វិច្ឆិកានេះ ​រោងម៉ាស៊ីនដែលជាដៃគូរបស់ក្រសួងកសិកម្ម បានដើរប្រមូលទិញស្រូវពីប្រជាកសិករទូទាំងប្រទេស បានសរុបប្រមាណ៣៩៥១០តោន។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងកសិកម្ម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត