
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ កម្ពុជា-ចិន នឹងចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នៅឯរាជធានីភ្នំពេញ នាថ្ងៃទី២២មេសា ស្អែកនេះ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងពិភាក្សាបញ្ហាក្នុងតំបន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃអង្គារទី២១មេសា ឆ្នាំ២០២៦នេះ...។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា-ចិន បានឯកភាពគ្នា បង្កើតកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នេះឡើង កាលពីកំលុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។ ក្នុងនោះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង លោក តុង ជុន រដ្ឋមន្ត្រីការពារចិន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា។

ក្រសួងគូសបញ្ជាក់ថា កិច្ចសន្ទនា មានគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ យន្តការថ្មីនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍រួម។ ក្រសួងបន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិន ក៏នឹងចូលជួបសម្ដែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

បន្ថែមពីនោះ បន្ទាប់ពីកិច្ចសន្ទនា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយគ្រោងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕




