ក្រសួងការងារ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ចុះហត្ថលេខារួមគ្នាអភិវឌ្ឍជំនាញដល់ពលរដ្ឋបំពេញតម្រូវការទីផ្សារ
S
Soriya Sou
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូនជុង នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២០មេសា បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី «គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា»...។

លោក ហេង សួរ បានឱ្យដឹងថា គម្រោងដែលចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០នេះ ធ្វើឡើងក្នុងគោលដៅបណ្ដុះបណ្ដាលកម្លាំងពលកម្មនៅកម្ពុជា ឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ (TVET) នៅវិទ្យាស្ថាន TVET ចំនួន៣ គឺ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។

រដ្ឋមន្រ្តីក្រសួងការងារគូសបញ្ជាក់បន្ថែមថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្ស និងពលករកម្ពុជា ព្រមទាំងនិយោជកកូរ៉េដែលត្រូវការកម្លាំងពលកម្មមានជំនាញនិងសមត្ថភាព។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកស្រី ឆយ ម៉ូនជុង ដោយបង្ហាញក្ដីជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ស្របតាមស្ដង់ដារទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ជាការឆ្លើយតប លោកស្រី ឆយ ម៉ូនជុង បានសម្ដែងក្ដីរីករាយចំពោះសមិទ្ធផលនៃការចុះហត្ថលេខាសម្រាប់ចូលរួមអភិវឌ្ឍជំនាញដល់សិស្សកម្ពុជានាពេលនេះ ហើយវាមិនត្រឹមតែផ្តល់ការបណ្ដុះបណ្ដាលដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសការងារនៅក្រៅប្រទេសផងដែរ។ លោកស្រីមានប្រសាសន៍ថា នេះជាបេសកកម្មចុងក្រោយដ៏សំខាន់ និងកក់ក្ដៅបំផុតមួយ ខណៈនាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ រូបនេះ នឹងបញ្ចប់ការងារនៅកម្ពុជានាពេលឆាប់ៗខាងមុខ។ ប៉ុន្តែលោកស្រីជឿជាក់ថា ប្រទេសកម្ពុជា នឹងនៅតែបន្តការអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងកាន់តែជិតស្និទ្ធថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត