
រាជធានីបាងកក៖ រាជរដ្ឋាភិបាលថៃ បានសម្រេចប្រកាសអាសន្នជាផ្លូវការ ដោយចាត់ទុកខេត្តចំនួន៣ រួមមាន៖ ឈៀងម៉ៃ ឡាំភូន និងព្យៅ ជាតំបន់រងគ្រោះមហន្តរាយបន្ទាន់ បន្ទាប់ពីស្ថានភាពខ្យល់ពុល ឈានដល់កម្រិតគ្រោះថ្នាក់បំផុត...។

ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ ខែមេសា ដោយលោក អ័នសិទ្ធិ សំផាន់ណារ័ត្ន (อรรษิษฐ์ สัมพันธรัตน์) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ ក្នុងគោលបំណងបើកកញ្ចប់ថវិកាបន្ទាន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃដែលកំពុងរីករាលដាល។ យោងតាមទិន្នន័យពីក្រុមហ៊ុន iQAir ខេត្តឈៀងម៉ៃ បានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក អស់រយៈពេល៥ថ្ងៃជាប់ៗគ្នា។

កាលពីរសៀលថ្ងៃសៅរ៍ សន្ទស្សន៍គុណភាពខ្យល់ (AQI) ក្នុងទីក្រុងនេះបានហក់ឡើងដល់កម្រិត២០៦ ស្ថិតក្នុងប្រភេទផលប៉ះពាល់ខ្លាំងបំផុតចំពោះសុខភាព ខណៈកំហាប់ធូលីពុល PM2.5 ត្រូវបានកត់ត្រាក្នុងកម្រិត១៣១មីក្រូក្រាមក្នុងមួយម៉ែត្រគូប ពោលគឺលើសពីកម្រិតសុវត្ថិភាពរបស់ប្រទេសថៃរហូតដល់ជិត៤ដង។ បច្ចុប្បន្ន មន្ត្រីសុខាភិបាល បានអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ពាក់ម៉ាសប្រភេទ N95 នៅពេលចេញក្រៅ និងប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើមានបញ្ហាទាក់ទងនឹងផ្លូវដង្ហើម៕



