ពិធី«ឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក» អ្នកស្រុកអង្គរ តែងប្រារព្ធភ្ជាប់អត្ថន័យ៣សំខាន់ៗ
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងសៀមរាប៖ អ្នកស្រុកអង្គរតែងប្រកាន់ខ្ជាប់ ក្នុងការធ្វើពិធីណាមួយតាមរដូវកាលដែលបន្សល់ទុកពីដូនតា ជាក់ស្តែង កាលពីថ្មីៗ ចាស់ទុំព្រឹទ្ធាចារ្យបានរៀបចំធ្វើពិធីឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក នៅប្រាសាទវត្តអធ្វា។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១មេសា...។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា អត្ថន័យសំខាន់ៗទាំង៣រួមមាន៖ ទី១.ការអភិរក្សមតកអរូបីក្នុងតំបន់អង្គរ៖ ទោះបីជាស្ថិតក្នុងសម័យកាលទំនើបយ៉ាងណាក្ដី ក៏កិច្ចពិធីតាមបែបបុរាណនេះ នៅតែបន្តរស់រវើកក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរយ៉ាងខ្ជាប់ខ្ជួន។ នេះជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលត្រូវបានថែរក្សាតកូនតចៅ។ ២.ការចាប់ផ្តើមរដូវកាលថ្មី៖ ខុសពីពិធីឡើងអ្នកតានៅខែមាឃ «បញ្ជូនអ្នកតាចុះទឹក» ដែលជានិមិត្តរូបនៃការបញ្ចប់រដូវច្រូតកាត់ ពិធីក្នុងខែពិសាខនេះ គឺជាសញ្ញាណនៃការ«បញ្ជូនអ្នកតាឡើងគោក» ដើម្បីត្រៀមលក្ខណៈចូលដល់រដូវវស្សា។

ចំណែក ទី៣.ការសុំសេចក្ដីសុខ និងទឹកភ្លៀង៖ អ្នកភូមិរៀបចំពិធីនេះឡើងក្នុងគោលបំណងបន់ស្រន់សុំសេចក្ដីសុខសប្បាយដល់ប្រជាសហគមន៍ និងបួងសួងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ សម្រាប់ការងារកសិកម្ម ស្របពេលរដូវភ្ជួររាស់ចាប់ផ្តើមចូលមកដល់។ ការចូលរួមធ្វើពិធីនេះរបស់អ្នកស្រុកអង្គរ មិនត្រឹមតែជាការគោរពតាមជំនឿប៉ុណ្ណោះទេ តែជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាព្រលឹងនៃរមណីយដ្ឋានអង្គរឱ្យនៅបន្តមានជីវិតជានិរន្តរ៍តរៀងទៅ។ អាជ្ញាធរជាតិអប្សរា ក៏តែងផ្តល់ការគាំទ្រទាំងផ្នែកធនធាន និងស្មារតី ដើម្បីជំរុញឱ្យសហគមន៍មូលដ្ឋានមានលទ្ធភាព បន្តថែរក្សាទំនៀមទម្លាប់របស់ដូនតា ដែលបានបន្សល់ទុកឱ្យកូនចៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត