ប្រវត្តិ និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍របស់បទភ្លេងបញ្ជាន់អារក្ខ ដែលមានវ័យចំណាស់ជាងគេបំផុតនៅកម្ពុជា
ហ៊ែល កំសាន
26 មេសា 2024 06:30 AM

អត្ថបទចំណេះដឹង៖ ភ្លេង​​អារក្ខ ​​គឺ​​ជា​​វង់ភ្លេងបុរាណខ្មែរមួយដែលមានអាយុកាលចំណាស់បំផុត ក្នុងចំណោមវង់ភ្លេងខ្មែរជាច្រើនទៀត។ ភ្លេង​​អារក្ខ ​មាន​គ្រឿង​លេង​ប្រហែល​គ្នា​នឹង​ភ្លេង​ខ្មែរ​ផ្សេងទៀតដែរ​ ប៉ុន្តែគេប្រគំភ្លេងនេះច្រើនពេលមានពិធីកម្មម្តងៗប៉ុណ្ណោះ ​ដូចជា៖ ពេលមានពិធី​ប្រគំ​បញ្ជាន់រូប ឡើង​​រោង​​ និង​​ឡើង​អ្នក​តា ជា​ជំនឿ​នៃលទ្ធិព្រលឹងរបស់ខ្មែរដើម។ ​បទ​ភ្លេងអារក្ខ គឺ​មាន​លក្ខណៈ​ស្រទន់ លន្លង់លន្លោច ធ្វើឱ្យអ្នកស្តាប់អាចព្រឺសម្បុរបានភ្លាមៗ...។

តាម​រយៈសៀវភៅ​ឯកសារមួយចំនួនដូចជា៖ សៀវភៅតន្ត្រី​នៅ​ប្រទេស​ខ្មែរ​, សៀវភៅប្រវត្តិ​ពុទ្ធសាសនា​ប្រទេស​ខ្មែរ, និងសៀវភៅប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បោះពុម្ពផ្សាយតាំងពីឆ្នាំ​២០១១ បានបង្ហាញរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលទាក់ទងនឹងភ្លេងមួយប្រភេទនេះ។ ក្នុងសៀវភៅឯកសារទាំងនោះ បង្ហាញថា ​ភ្លេង​អារក្ខ កើតចេញ​ពី​ប្រជាជន ដែល​មាន​ទំនាក់ទំនង​ផ្សាភ្ជាប់ ទៅ​នឹង​ជំនឿតាម​ចំណូលចិត្តរបស់​ប្រជាជន​ដើម នា​សម័យ​បុរេប្រវត្តិ​ខ្មែរ​។​ ខណៈមកដល់ពេលបច្ចុប្បន្ន ពិធី​ប្រគំ​បញ្ជាន់រូប ឬពិធី​បញ្ជាន់​អារក្ខ ដែល​មាន​វង់​ភ្លេង​សម្រាប់​កំដរ គឺមាន​អាយុ​ប្រហែល​ជាង២៥០០​ឆ្នាំមុន​គ​.​ស គឺ​មុន​ព្រះបាទ​ហ៊ុន ទៀន យាង​មក​កាន់កាប់​ដែនដី​របស់​ខ្មែរ​យើង​។​ នេះបើយើងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ លោក​ ជឹម ឈុំ ជា​សមាជិក​នៃ​ក្រុម​ទំនៀមទម្លាប់​ខ្មែរ ភ្លេង​អារក្ខ​នេះ មាន​កំណើត​ឡើង​អំពី​រឿង​កូនក្មេង​លេង​«​បាយឡុកបាយឡ​»​។​

តាមការកត់សម្គាល់ ប្រភេទបទភ្លេងនេះ គេច្រើនតែប្រើប្រាស់នៅក្នុងពិធីលាង​អារក្ខ អ្នកតា ដែល​ជា​ជំនឿ​របស់​ខ្មែរ​ដើម ខណៈការធ្វើពិធីនោះ គឺដើម្បីសុំសេចក្តីសុខ រំដោះគ្រោះ ឬស្នើសុំជំនួយពីខ្មោចអ្នកតាម្ចាស់ស្រុកឱ្យជួយថែរក្សាមនុស្សក្នុងភូមិពីការបៀតបៀនរបស់ខ្មោចព្រៃ ព្រាយបីសាច និងពពួកអសុរកាយ។ ក្នុងសៀវភៅបញ្ជាក់ថា បទភ្លេងអារក្ខ មានតាំងពីមុន​ពេល​ដែល​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​ចូល​មក​ប្រទេស​កម្ពុជា​ពី​ឆ្នាំ៣០៩មុន​គ.ស។​មែនទែនទៅ លំនាំបទភ្លេងអារក្ខមួយចំនួនក៏ត្រូវបានយកទៅប្រគំក្នុងពិធីមង្គលការផងដែរ។ ​លើសពីនេះ វង់ភ្លេង​អារក្ខ ត្រូវបាន​គេ​រកឃើញថា មានរហូតដល់៥៦​បទ ដែលមានតួនាទី និងអត្ថន័យផ្សេងៗគ្នា ក្នុងការប្រើប្រាស់។ ខាងក្រោមនេះជាបទភ្លេងអារក្ខចំនួន ដែលគេនិយមប្រគំបំផុតពេលមានពិធីកម្មម្តងៗ៖

-​បទ​ស្រី​វង : ប្រើ​សម្រាប់​ផ្តែផ្តាំ​ពេល​ខ្មោច​ចេញដំណើរ​

-​បទ​កងសោយ : ប្រើ​សម្រាប់​ថ្វាយ​សំ​ណែន​។​

-​បទ​ព្រៃ​ឯ​លិច : ប្រើ​ពេល​ខ្មោច​វង្វេងព្រៃ​

-​បទ​សសរកន្លោង : ប្រើ​សម្រាប់​មេមត់​រាំ​ធ្វើដំណើរ​ជុំវិញ​អាសនៈ​

-​បទ​សុរិយា : ប្រើ​សម្រាប់​ពេល​សម្រាក​របស់​កងទ័ព​ខ្មោច​

-​បទ​បង្កូត​ស្នែង : ប្រើ​សម្រាប់​ជូន​ដំណើរ​សម្តេច​ព្រះ​គ្រូ​ត្រឡប់​ទៅវិញ​

 -​បទ​ជ្រង : ប្រើ​សម្រាប់​បញ្ចូល​រូប​

-​បទ​ផាត់ជាយ​:​ ប្រើ​ពេល​មេមត់​ផ្តើម​ចូល​រូប​អន្ទង​ព្រលឹង​ខ្មោច​មក​ចូល​សណ្ឋិត​ក្នុង​ខ្លួន​

-​បទ​សូ​រិន្ទ​ខ្នងភ្នំ : សម្រាប់​យាង​សម្តេច​ព្រះ​គ្រូ​មក​ក្នុង​ពិធី​

-​បទ​ស្រី​ខ្មៅ : ប្រើ​សម្រាប់​អញ្ជើញ​ខ្មោច​ឈ្មោះ​ស្រី​ខ្មៅ​

បើត្រឡប់ទៅកាន់ស្រមោលនៃអតីតកាលវិញ អ្នក​កូត​ទ្រខ្មែរ ត្រូវ​ច្រៀង​ផង​កូត​ផង​។ ​សម័យ​ក្រោយមក​អ្នក​វាយ​ស្គរ ត្រូវ​វាយ​ផង​ច្រៀង​ផង ហើយ​នៅ​សម័យ​ក្រោយបង្អស់ មាន​អ្នក​ច្រៀង​ម្នាក់​អង្គុយចាំ​ច្រៀង​ដោយ​មិន​មាន​លេង​ឧបករណ៍​ភ្លេង​អ្វី​ឡើយ​។ ​ ឧបករណ៍ដែលប្រើក្នុងអំឡុងពេលប្រគំវង់ភ្លេងអារក្ខមាន ​ស្គរ​ដៃ​, ទ្រខ្មែរខ្សែ៣, ប៉ីពក ,ចាប៉ី និងសា​ដៀវ។ បើនិយាយពីទំនៀមទម្លាប់វិញ មុនពេលដែលការប្រគំភ្លេងអារក្ខចាប់ផ្តើម គេត្រូវរៀបចំគ្រឿងសក្ការបូជា ដល់​ព្រះ​ពិស្ណុកា ដោយមានការអុជ​ទៀនធូប​រួច​ប្រគំ​ភ្លេង​មួយ​បទ ដែល​ជា​បទ​រំលឹក​គុណ​ប្រចាំ​តាម​ទម្រង់​ភ្លេង​នី​មួយៗ​ ដើម្បី​ធ្វើ​សក្ការ​បួងសួង​ចំពោះ​បុព្វបុរស និងគុណ​​គ្រូបាធ្យាយ​ ដែល​បាន​ប្រើ​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ទេពកោសល្យ​របស់ខ្លួន ក្នុង​ការបង្កើត​ឧបករណ៍​ភ្លេង​គ្រប់​ប្រភេទ និង​និពន្ធ​បទ​ភ្លេង​នានា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទុក​សម្រាប់​សេចក្តីត្រូវការ​របស់​កូនចៅ​ជំនាន់​ក្រោយ​។ ក្រៅ​ពី​សារសំខាន់​ខាងលើ ការធ្វើ​ពិធី​សក្ការ​បួងសួង​ក៏​ជា​ពិធី​ម្យ៉ាង​សំខាន់បំផុត ក្នុងការ​ស្មឹង​ស្មា​ធិ៍ ប្រមូល​អារម្មណ៍ក្រុមអ្នកលេងភ្លេងឱ្យ​បានមូល ដើម្បី​ចៀសវាង​ការ​ជាប់ជំពាក់​នឹង​បញ្ហា​ស្មុគស្មាញ​ខាងក្រៅ ជា​ហេតុនាំឱ្យ​មាន​ការ​ភ្លេចភ្លាំង​អំឡុងពេលប្រគំភ្លេង៕

ឯកសារយោង៖ សៀវភៅតន្ត្រីនៅប្រទេសខ្មែរ, សៀវភៅប្រវត្តិពុទ្ធសាសនាប្រទេសខ្មែរ, សៀវភៅប្រពៃណីទំនៀមទម្លាប់ខ្មែរ, វិគីភិឌា «ភ្លេងអារក្ស», ឈូកខ្មែរ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត