ពិធីឡើងមាឃ ឬឡើងអ្នកតា ជំនឿដូចតាខ្មែរតរាប់ជំនាន់ ត្រូវបានពលរដ្ឋរស់នៅតំបន់អង្គរបន្តរក្សាយ៉ាងខ្ជាប់ខ្ជួន
S
Sreyleak Yith
22 មករា 2026 06:30 AM

ក្រុងសៀមរាប៖ បុណ្យឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមពីបុរាណកាលដែលប្រជាពលរដ្ឋខ្មែររស់នៅតំបន់អង្គរ តែងប្រារព្ធទ្បើងរៀងរាល់ថ្ងៃ៣កើត ខែមាឃ ជារាងរាល់ឆ្នាំមិនដែលអាកខាន លើកលែងតែសម័យវាលពិឃាដប៉ុណ្ណោះ។ កាលពីថ្ងៃទី២១មករា ឆ្នាំ២០២៦ អ្នកស្រុកអង្គរបានរៀបចំធ្វើពិធីនេះឡើង នៅតាមខ្ទមអ្នកតាក្នុងភូមិ តាមប្រាសាទ សាលាឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា...។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា កាលពីថ្ងៃទី២១មករាម្សិលមិញ អ្នកស្រុកនៅភូមិនគរក្រៅ បានរៀបចំពិធីបុណ្យឡើងមាឃនៅទួលអ្នកតាគង់ រីឯនៅប្រាសាទអង្គរវត្ត ក៏មានរៀបចំពិធីឡើងអ្នកតារាជ នៅបរិវេណទល់មុខគុកតារាជផងដែរ។ ដោយទ្បែក ប្រាសាទវត្តអធ្វារ អ្នកភូមិតែងប្រារព្ធពិធីកិច្ចនេះ ​នៅទីតាំងបីផ្សេងគ្នាដូចជា៖ ទី១.នៅលើប្រាសាទ, ទី២.នៅទួលដូនប៉ុក, និងទី៣.នៅទួលតាមឿង។ ចំពោះគ្រឿងសំណែននៅក្នុងកិច្ចពិធី មុខម្ហូបដែលមិនអាចចោលបានមានដូចជា៖ ក្បាលជ្រូក មាន់ នំបញ្ចុក បារី ស្រា ទៀន ធូប បាយសី ស្លាធម៌ ម្ហូបអាហារ បង្អែម និងភេសជ្ជៈជាដើម។ អាជ្ញាធរជាតិអប្សរាបន្ថែមថា បុណ្យឡើងមាឃ ឬឡើងអ្នកតា អ្វីដែលពិសេសដើម្បីឱ្យមនុស្ស និងអ្នកតា អាចប្រាស្រ័យទាក់ទងគ្នាបាន និងញ៉ាំងពិធីឱ្យកាន់តែអធិកអធមសប្បាយរីករាយផងនោះ គឺវង់តន្រ្តីបុរាណខ្មែរ និងអ្នកបញ្ជាន់រូប ឬស្រុកខ្លះហៅថា (អ្នកស្នងរូប) ដែលតំណាងឱ្យអ្នកតា ថែរក្សានៅទីដ៏ស័ក្តិសិទ្ធិទាំងនោះ។

កិច្ចពិធីបានចាប់ផ្តើមដោយការសូត្រនមស្សការ រំឭកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាកហ៊ោ បួងសួងដល់វត្ថុស័ក្តិសិទ្ធិ អញ្ជើញដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដី ឱ្យចូលមកកាន់ទីកន្លែងដែលអ្នកភូមិបានរៀបចំ។ បន្ទាប់ពីចប់កិច្ចពិធី ភ្លេងក៏ចាប់ផ្តើមប្រគំអមទៅដោយអ្នកបញ្ជាន់រូប (ស្នងរូបអ្នកតា ឬបារមីផ្សេងៗ) រាំរែកតាមចង្វាក់ភ្លេងបុរាណខ្មែរ។ អ្នកតាដែលចូលមកមានច្រើនរូប អត្តចរិតខុសគ្នា ចំណូលចិត្តក៏ខុសគ្នា ខ្លះស្លូតបូត ខ្លះកាច ខ្លះក្រមិចក្រមើម ហើយតន្ត្រី ក៏ត្រូវប្រគំទៅតាមចំណង់ចំណូលចិត្តរបស់អ្នកតាដែលចូលរូបលើអ្នកស្នងដែរ បើមិនអ៊ីចឹងទេ អ្នកតានឹងខឹង មិនរាំលេង ឬមិនចូលរូបស្នងឡើយ។ ពេលអ្នកតាចូលរូបហើយ អ្នកស្រុកបានអញ្ជើញ ឱ្យអ្នកតាសេពសោយអាហារដែលបានរៀបចំជូន និងសួរនាំអ្នកតាពីរឿងរ៉ាវផ្សេងៗ ពីការរៀបចំគ្រឿងសំណែន គ្រឿងរណ្តាប់ តើរៀបចំត្រឹមត្រូវ ល្មមគ្រប់គ្រាន់ ឬយ៉ាងណា ក្រែងមានកំហុសឆ្គងដោយប្រការណាមួយ។

ចំពោះអ្នកស្រុកដែលមានជំនឿ ក៏បានសុំឱ្យជួយព្យាបាលជំងឺ សុំទឹកមន្ត និងលាភសក្ការ។ បើតាមជំនឿរបស់អ្នកស្រុកដែលប្រារព្ធពិធីនេះ គឺដើម្បីឱ្យអ្នកតាដែលថែរក្សាភូមិ-ស្រុក ឬទីតាំងស័ក្តិសិទ្ធិបានរាំលេងសប្បាយ ព្រមទាំងអរគុណដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដី ដែលបានផ្តល់ទឹកភ្លៀងធ្វើឱ្យដីមានជីជាតិ មិនឱ្យទឹកទន្លេឡើងខ្លាំង និងធ្វើឱ្យស្រូវបានភោគផលច្រើន។ លើសពីនេះ ធ្វើដើម្បីសុំឱ្យកូនចៅសុខសប្បាយ និងលាបំណន់ដែលបានបែរបន់ចំពោះកសិកម្ម ឬការងារអ្វីផ្សេង ក្រែងអ្នកតាចាំ មាត់ចាំ-ក បើមិនបានធ្វើនាំឱ្យខុសឆ្គងកើតគ្រោះភ័យដល់ខ្លួន និងអ្នកភូមិ។ សូមជម្រាបថា  «អ្នកតា» ចំពោះអ្នកស្រុក គឺជាលទ្ធិព្រលឹងដ៏ស័ក្ដិសិទ្ធិបំផុតមួយរបស់ខ្មែរបុរាណ និងបានបន្តមកដល់បច្ចុប្បន្ន។ ព្រោះក្នុងនាមជាអ្នកថែរក្សាភូមិ-ស្រុក អ្នកឃុំគ្រងកូនចៅឱ្យបានសុខសប្បាយ គួរឱ្យគោរពបូជាមិនអាចមាក់ងាយ ឬលេងសើចបានទ្បើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត