ឡាវឱ្យសិស្សរៀនតែ៣ថ្ងៃទេក្នុងមួយសប្តាហ៍ ដោយសារខ្វះខាតប្រេងឥន្ធនៈ
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីវៀងចន្ទន៍៖ រដ្ឋាភិបាលឡាវ បានកំណត់គោលការណ៍ថ្មីជាបណ្តោះអាសន្ន ដោយឱ្យសិស្សរៀនតែ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ខណៈមន្ត្រីរដ្ឋាភិបាលកំពុងឈានទៅរកការកាត់បន្ថយបណ្តាញដឹកជញ្ជូន ព្រោះកង្វះខាតប្រេងឥន្ធនៈនៅតែបន្ត...។

ការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានអនុម័តវិធានការនេះកាលពីថ្ងៃទី១៩មីនា បន្ទាប់ពីមានសំណើពីក្រសួងអប់រំ និងកីឡា។ សាលារៀនរដ្ឋ និងឯកជនទាំងអស់នៅទូទាំងប្រទេស ត្រូវបានតម្រូវឱ្យកែសម្រួលកាលវិភាគរបស់ពួកគេជាបន្ទាន់ ដោយគោលនយោបាយនេះ នឹងនៅតែមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងបន្ថែម។ នៅក្រោមការរៀបចំថ្មីនេះ សាលាមតេ្តយ្យ និងសាលាចំណេះដឹងទូទៅ នឹងរៀបចំថ្នាក់រៀនដោយផ្ទាល់ចំនួន៣ថ្ងៃក្នុងមួយសប្តាហ៍ ហើយ២ថ្ងៃទៀតឈប់សម្រាក។ វិទ្យាស្ថានវិជ្ជាជីវៈ និងសាកលវិទ្យាល័យនានា ក៏នឹងត្រូវប្តូរមកបង្រៀន៣ថ្ងៃក្នុងមួយសប្តាហ៍ផងដែរ។

ប្រសិនបើស្ថានភាពប្រេងឥន្ធនៈកាន់តែអាក្រក់ទៅៗ រដ្ឋាភិបាលឡាវនឹងផ្លាស់ប្ដូរទៅរកការរៀនតាមអនឡាញវិញ។ ជាគោលការណ៍ គ្រឹះស្ថានដែលមានឧបករណ៍ និងមានលទ្ធភាពចូលប្រើអ៊ីនធឺណិតគ្រប់គ្រាន់ នឹងប្តូរទៅការបង្រៀនពីចម្ងាយ ឬ(រៀនតាមអនឡាញ) ខណៈគ្រឹះស្ថានដែលមិនមានលទ្ធភាព អាចនឹងផ្អាកថ្នាក់រៀនផ្ទាល់ជាបណ្តោះអាសន្នទាំងអស់តែម្ដង។ ក្រសួងបច្ចេកវិទ្យា និងទំនាក់ទំនង នឹងធ្វើការវាយតម្លៃគុណភាពរៀនតាមអ៊ីនធឺណិត និងកែលម្អការចូលប្រើប្រាស់ រួមទាំងការផ្ដល់ឧបករណ៍មូលដ្ឋាននៅកន្លែងដែលចាំបាច់។ អាជ្ញាធរបានជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ អនុវត្តតាមគោលនយោបាយថ្មីនេះ និងធានាថាការរៀនសូត្ររបស់សិស្សនៅតែបន្តដោយមិនមានការរអាក់រអួល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត