បន្ទាប់ពីថៃ វៀតណាម ហ្វីលីពីន ឥឡូវឡាវជំរុញមន្ត្រីរាជការឱ្យធ្វើការពីផ្ទះ ដោយជួបវិបត្តិប្រេងឥន្ធនៈ
ហៀប ស៊ីថេត
10 ម៉ោងមុន

រដ្ឋធានីវៀងចន្ទន៍៖ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (ສອນໄຊ ສີພັນດອນបានបញ្ជាឱ្យបណ្តាក្រសួងនានា កាត់បន្ថយការប្រជុំដោយផ្ទាល់ ធ្វើការពីផ្ទះ រៀបចំវេនការងារថ្មី និងចាប់ផ្តើមផ្លាស់ប្ដូររថយន្តរដ្ឋទៅជារថយន្តអគ្គិសនីវិញ ខណៈនេះគឺជាវិធានការចុងក្រោយបង្អស់នៃបទបញ្ជាសង្គ្រោះបន្ទាន់ដ៏តឹងរ៉ឹង ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេស ស្របពេលវិបត្តិមជ្ឈិមបូព៌ានៅតែបន្តដាក់សម្ពាធលើការផ្គត់ផ្គង់ប្រេង និងធ្វើឱ្យតម្លៃហក់ឡើងខ្ពស់កប់ពពក។ នេះបើតាមការចុះផ្សាយដោយកាសែតឡាវទៀន ថេមស៍ The Laotian Times នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone)
លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone)

សេចក្តីជូនដំណឹងដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី១៣ ខែមីនា គឺជាការឆ្លើយតបដ៏សំខាន់បំផុតរបស់រដ្ឋាភិបាល ចំពោះវិបត្តិថាមពលដែលបាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសឡាវ តាំងពីចុងខែកុម្ភៈមក។ យោងតាមគេហទំព័រ Global Petrol Prices នៅចន្លោះថ្ងៃទី​៤ ដល់ថ្ងៃទី១០ ខែមីនា តម្លៃប្រេងម៉ាស៊ូត បានហក់ឡើងជិត៥០ភាគរយ ខណៈប្រេងសាំងស៊ុបពែរនៅឡាវ បានកត់ត្រានូវការកើនឡើងថ្លៃខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក ក្នុងអំឡុងពេលដូចគ្នានេះ បន្ទាប់ពីទីក្រុងហុងកុង។ សូមជម្រាបថា ឡាវនាំចូលប្រេងឥន្ធនៈជាង៩៧ភាគរយ ពីប្រទេសថៃ ធ្វើឱ្យប្រទេសនេះរងគ្រោះយ៉ាងធ្ងន់ធ្ងរ នៅពេលដែលថៃបានផ្អាកការនាំចេញប្រេងជាបណ្តោះអាសន្ន បន្ទាប់ពីអ៊ីរ៉ង់បិទច្រកសមុទ្ទហ័រមូស្ស កាលពីចុងខែកុម្ភៈ។

ការសម្រុកទិញប្រេងទាំងតក់ក្រហល់ បានធ្វើឱ្យស្ថានីយប្រេងទូទាំងរដ្ឋធានីវៀងចន្ទន៍ដាច់ស្តុកត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ បន្ទាប់មក ប្រទេសថៃ បានយល់ព្រមលើកលែងឱ្យឡាវ និងបានអនុញ្ញាតឱ្យនាំចូលប្រេងចំនួន១២លានលីត្រ ដើម្បីជួយកាត់បន្ថយសម្ពាធភ្លាមៗ។ យ៉ាងណា ការរំខាននេះ បានបង្ហាញឱ្យឃើញថា ឡាវមិនអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់ចំពោះវិបត្តិបែបនេះបានទេ។ កាលពីថ្ងៃទី១៣ ខែមីនា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានបញ្ជាឱ្យមានការត្រួតពិនិត្យឃ្លាំងស្តុកប្រេង និងស្ថានីយប្រេងទូទាំងប្រទេសឡើងវិញ ដោយណែនាំឱ្យអាជ្ញាធរពិនិត្យកម្រិតផ្គត់ផ្គង់ រក្សាកំណត់ត្រាដឹកជញ្ជូន និងចាត់វិធានការប្រឆាំងនឹងប្រតិបត្តិករណាដែលរកឃើញថា បានស្តុកទុក ឬកេងចំណេញលើការផ្គត់ផ្គង់។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ មានប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤ហើយ ដែលបានជំរុញឱ្យមន្ត្រីរាជការសាធារណៈរបស់រដ្ឋធ្វើការពីផ្ទះ ដែលរួមមាន៖ ឡាវ ថៃ វៀតណាម និងហ្វីលីពីន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត