បទបរិយាយ៖ ស្ដេចថៃ និងអគ្គមហេសីបង្ហាញមុខនៅឡាវ ក្រោយខកខានអស់ជាង៣០ឆ្នាំ មានបំណងអ្វី..?
ហៀប ស៊ីថេត
13 ម៉ោងមុន

អត្ថបទ៖ អាន ប៊ុនរ័ត្ននៈ+ហៀប ស៊ីថេត
រដ្ឋធានីវៀងចន្ទន៍៖ បន្ទាប់ពីចំណាយពេលភាគច្រើនរស់នៅយ៉ាងសុខស្រួលក្នុងព្រះរាជដំណាក់ដ៏ប្រណិត ស៊ីវីល័យ និងសោយសុខលើគំនរទ្រព្យសម្បត្តិដ៏ច្រើនមហាសាល ស្ដេច មហាវិជ្ជរ៉ា ឡុងកន (ឬគេស្គាល់ថា រាមាទី១០) និងព្រះអគ្គមហេសីសុធីតា បានសម្រេចព្រះទ័យយាងទៅរដ្ឋធានីវៀងចន្ទន៍ កាលពីថ្ងៃចន្ទទី១៦មីនា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ខណៈអ្នកវិភាគមួយចំនួនយល់ថា វាជាការតភ្ជាប់ទំនាក់ទំនងនយោបាយដ៏អាថ៌កម្បាំង បង្កប់ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ដ្បិតព្រះអង្គក៏ធ្លាប់យាងទៅប្រទេសចិន មុនបើកការឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាដែរ...។

ជាព្រះរាជដំណើរទស្សនកិច្ចមួយគួរឱ្យចាប់អារម្មណ៍បំផុត បន្ទាប់ពីប្រទេសជាប់របងផ្ទះគ្នាទាំងពីរនេះ រង់ចាំដល់ទៅ៣២ឆ្នាំ ទើបមានព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រថៃ យាងទៅកាន់ប្រទេសឡាវ។ ជុំវិញដំណើរបំពេញព្រះរាជទស្សនកិច្ចនេះដែរ អ្នកវិភាគយល់ឃើញថា ការបង្ហាញព្រះវត្តមាននៅឆ្នាំ២០២៦ក្នុងទឹកដីប្រទេសឡាវ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាសកម្មភាពនយោបាយការទូតដែលមានការគូសវាសយ៉ាងច្បាស់លាស់ បន្ទាប់ពីយោធាថៃបើកការឈ្លានពានលើប្រទេសកម្ពុជា ដែលម្ដងម្កាលយោធាថៃឈ្លានពានបានបាញ់ឆ្លងចូលទឹកដីឡាវ ទើបមេដឹកនាំឡាវ បញ្ជូនកងទ័ពទៅកាន់ព្រំដែនក្បែរតំបន់ជម្លោះ ជិតតំបន់មុំបីខាងភាគីកម្ពុជា និងតំបន់ឆងបុកខាងភាគីថៃ។ ទន្ទឹមនោះ ថៃក៏ធ្លាប់មានជម្លោះព្រំដែនយ៉ាងស្រួចស្រាលជាមួយឡាវផងដែរ កាលពីកំលុងខែធ្នូ ឆ្នាំ១៩៨៧ ដល់ខែកុម្ភៈ ឆ្នាំ១៩៨៨ ដែលសង្គ្រាមនោះមានឈ្មោះថា «សមរភូមិបានរ៉មក្លៅ»។

«សមរភូមិបានរ៉មក្លៅ» បានប្រឈមមុខដាក់គ្នាមួយរយៈខ្លី រវាងកងកម្លាំងថៃ និងកងទ័ពឡាវ បន្ទាប់ពីថៃបើកការឈ្លានពានមុន។ ពាក់ព័ន្ធនឹងជម្លោះនេះ គឺផ្តើមឡើងដោយផែនទីឆ្នាំ១៩០៧ ដែលអ្នកគ្រប់គ្រងជនជាតិបារាំងតំណាងឥណ្ឌូចិន (បារាំងគ្រប់គ្រង់តំបន់ឥណ្ឌូចិនជាដែនដីចំណុះរបស់ខ្លួននៅឯនាយសមុទ្ទ) គូសផែនទីព្រំដែនជាមួយប្រទេសសៀម នៅតំបន់ជួរភ្នំហ្លួងព្រះបាងភាគខាងត្បូង ដោយមិនបានភ្ជាប់កម្មសិទ្ធិនៃភូមិបានរ៉មក្លៅ ជាប់ព្រំប្រទល់ខេត្តពិស្ណុលោក និងភូមិព្រំដែនតូចៗចំនួនបីនៅជាប់ខេត្តឧត្តរទិដ្ឋ(อุตรดิตถ์) ទៅក្នុង​ផែនទី​ខណ្ឌចែកដែនសីមា ទើបតំបន់ទាំងនោះមានជម្លោះជាមួយថៃតែម្ដង។ ជម្លោះបានផ្ទុះឡើងនៅឆ្នាំ១៩៨៤ បន្ទាប់ពីយោធាថៃបើកការវាយប្រហារឈ្លានពានលើភូមិទាំងនោះ ហើយនៅខែធ្នូ ឆ្នាំ១៩៨៧ កងកម្លាំងប្រដាប់អាវុធថៃ បានចូលទៅកាន់កាប់ភូមិជម្លោះទាំង៣ខាងលើ ដោយលើកទង់ជាតិថៃ កំណត់ជាទឹកដីរបស់ខ្លួន។

យ៉ាងណា រដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ​បានធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ ដោយ​ទទូច​ថា ​ភូមិ​ទាំងនេះ ​ជា​ផ្នែក​មួយ​នៃស្រុកបំតែន ខេត្តសៃយៈបូលិ (ແຂວງ ໄຊຍະບູລີ) របស់ប្រទេសឡាវ។ ដោយសារតែយោធាថៃមិនព្រមចាកចេញ កងទ័ពឡាវ បាន​ធ្វើ​ការ​វាយ​ប្រហារ​ពេញមួយ​យប់​ទៅ​លើភូមិទាំងនោះ ដោយ​បាន​បណ្ដេញ​ទាហាន​ថៃ​ចេញ​ពី​ភូមិ ហើយ​យក​ទង់ជាតិឡាវដោតជំនួសវិញ។ ការ​ប្រយុទ្ធ​គ្នា​បាន​បន្ត​ជា​ច្រើន​សប្តាហ៍​រហូត​ដល់​មាន​ការ​ប្រកាស​បទ​ឈប់​បាញ់​ នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ១៩៨៨ ខណៈ «សមរភូមិបានរ៉មក្លៅ» ត្រូវបានគេកត់ត្រាចំនួនអ្នកស្លាប់ដោយជម្លោះប្រដាប់អាវុធនេះ មានប្រមាណជាង១០០០នាក់។ ទាំងនេះ គឺជាប្រវត្តិខ្លះៗនៃការប៉ះទង្គិចគ្នារវាងថៃ និងឡាវ ដែលហាក់មិនខុសគ្នាពីសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា នាពេលបច្ចុប្បន្នឡើយ។ សំណួរសួរថា តើព្រះចៅ មហាវិជ្ជរ៉ា ឡុងកន យាងទៅបំពេញទស្សនកិច្ចនេះ ក្នុងគោលបំណងអ្វីឱ្យប្រាកដ..?

ព្រះរាជដំណើរទស្សនកិច្ចរបស់ស្តេច មហាវិជ្ជរ៉ា ឡុងកន នៅពេលនេះ ជាយុទ្ធសាស្ត្រការទូតរបស់ថៃ ដែលកំពុងបង្កប់អ្វីមួយនៅពីក្រោយ ពោលគឺសកម្មភាពដដែលនេះ កើតឡើងរួចមកហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចទីកាន់រដ្ឋធានីប៉េកាំង យោធាថៃចាប់ផ្តើមឈ្លានពានកម្ពុជា ក្រសោបកាន់កាប់ដីកម្ពុជាដោយខុសច្បាប់លើ១៤ទីតាំង។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប៉ុន្តែបើតាមការទម្លាយរបស់មន្ត្រីក្រុងប្រឆាំងរាជរដ្ឋាភិបាល ដីខ្មែរដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់ អាចមានច្រើនជាងរបាយការណ៍របស់ក្រសួងការពារជាតិ។ ដោយឡែក ទស្សនៈអ្នកវិភាគមួយផ្នែកទៀត យល់ឃើញថា ដំណើរទស្សនកិច្ចរបស់ស្តេចថៃទៅកាន់ប្រទេសឡាវនៅពេលនេះ អាចជាការសម្របសម្រួលនាំចេញទំនិញរបស់ថៃដែលជាប់គាំង ចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនឡាវ ព្រោះជម្លោះព្រំដែនជាមួយកម្ពុជា អាចបន្តអូសបន្លាយរយៈពេលយូរ ធ្វើឱ្យសេដ្ឋកិច្ចថៃដួលរលំ ស្របពេលដែលកម្ពុជាព្យាយាមទាមទារទឹកដីដែលបាត់បង់នោះត្រឡប់ទៅវិញ។

មែនទែនទៅ ក្នុងទស្សនភូមិសាស្ត្រនយោបាយ ថៃមិនដែលចាត់ទុកឡាវជាដៃគូស្មើមុខស្មើមាត់ខ្លួនម្ដងណាឡើយ។ ជាក់ស្តែង ថៃរមែងចាត់ទុកឡាវជាកូនអុកដើម្បីផ្គត់ផ្គង់អគ្គិសនីថោកៗដល់ឧស្សាហកម្មថៃ និងជារនាំងសន្តិសុខ ដើម្បីទប់ឥទ្ធិពលវៀតណាម និងចិន ក្នុងស្រមោលមហិច្ឆតារក្សាសាច់ដុំសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់ខ្លួនឱ្យមានដង្ហើមនៅឥណ្ឌូចិនតែប៉ុណ្ណោះ។ លើសពីនេះ ព្រះរាជដំណើរទស្សនកិច្ចរបស់ស្តេចថៃ យាងទតមជ្ឈមណ្ឌលកសិកម្ម និងតម្បាញសូត្ររបស់ប្រទេសឡាវ គឺជាការសម្ដែង ដើម្បីបំភាន់ភ្នែកប្រជាជនឡាវ និងសាធារណមតិអន្តរជាតិ ដែលបង្ហាញថា ថៃស្រឡាញ់ប្រទេសឡាវ ព្រោះជាប់អម្បូរសាច់ឈាមចេញពីប្រទេសចិនដូចគ្នា ប៉ុន្តែក្រុមហ៊ុនយក្សធំៗរបស់ថៃ បាននិងកំពុងបឺតជញ្ជក់ឈាម និងកេងចំណេញពីធនធានរ៉ែធម្មជាតិ ការសាងសង់ទំនប់វារីអគ្គិសនី ដែលកំពុងបំផ្លាញបរិស្ថានឡាវយ៉ាងធ្ងន់ធ្ងរ។

ពលរដ្ឋឡាវស្ទើរតែដាច់បាយ នោះក៏ព្រោះតែប្រទេសកំពុងជាប់ផុងក្នុងវិបត្តិនៃបំណុល និងអតិផរណាខ្ពស់។ ដោយមើលឃើញចំណុចយុទ្ធសាស្ត្រទាំងនេះ មេដឹកនាំថៃ បានរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវ ទាំងដែលខ្លួនត្រដាប់ត្រដួសលើបញ្ហាកង្វះប្រេងឥន្ធនៈប្រើប្រាស់រួចទៅហើយ ដើម្បីបង្ហាញថា ឡាវគឺជាបងប្អូនថៃ ទោះបីធ្លាប់ឈ្លោះគ្នាដណ្តើមដីនៅតំបន់ព្រំដែនខ្លះៗក៏ដោយ។ និយាយជារួម យើងអាចសន្និដ្ឋានបានថា ដំណើរទស្សនកិច្ចរបស់ស្ដេចថៃទៅកាន់ទឹកដីឡាវ នៅឆ្នាំ២០២៦នេះ ជាល្បែងការទូតដែលពោរពេញទៅដោយល្បិចកិច្ចកល និងការថ្ពិនភ្នែក ដើម្បីប្រយោជន៍ផ្ទាល់របស់ថៃ ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច។ សរុបមក ក្នុងស្ថានភាពភូមិសាស្ត្រនយោបាយសកលវឹកវរបែបនេះ ជារឿងសំខាន់ណាស់ដែលកម្ពុជា ត្រូវតែផ្តោតយកចិត្តទុកដាក់លើដំណើរទស្សនកិច្ចរបស់ស្តេចថៃទៅកាន់ប្រទេសឡាវនេះ ដើម្បីដឹងថា តើគោលនយោបាយការបរទេសរបស់ថៃធ្វើអ្វីខ្លះ កំលុងពេលគេកំពុងឈ្លានពានទឹកដីរបស់យើង៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត