
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានអះអាងកាលពីថ្ងៃអាទិត្យទី១៩មេសាថា ខ្លួនបានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ដែលព្យាយាមបំពានការបិទខ្ទប់នៅច្រកសមុទ្ទហ័រមូស្ស។ យ៉ាងណា រដ្ឋធានីតេហេរ៉ង់ ប្តេជ្ញាសងសឹកវិញ ដែលអាចធ្វើឱ្យបទឈប់បាញ់រវាងប្រទេសទាំង២ កាន់តែផុយស្រួយថែមមួយកម្រិតទៀត...។

កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពយូរអង្វែងនៅក្នុងតំបន់ ហាក់ដូចជាសុបិនទាំងថ្ងៃ។ អ៊ីរ៉ង់បានប្រកាស នឹងមិនដើរចូលតុចរចាជុំទី២ទេ បើទោះបីជាបទឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃអង្គារទី២១ ខែមេសាខាងមុខនេះក៏ដោយ។ សហរដ្ឋអាម៉េរិក បានរក្សាការបិទខ្ទប់នៅកំពង់ផែអ៊ីរ៉ង់ ខណៈដែលរដ្ឋធានីតេហេរ៉ង់ បើករួចក៏បិទខ្ទប់ឡើងវិញនូវការធ្វើនាវាចរណ៍កាត់តាមច្រកសមុទ្ទហ័រមូស្ស ធ្វើឱ្យការដឹកជញ្ជូនប្រេងតាមផ្លូវទឹកពិភពលោកមួយនេះ បានហក់ឡើងខ្ពស់យ៉ាងគំហុក។ យោធាសហរដ្ឋអាម៉េរិក បានអះអាងកាលពីថ្ងៃអាទិត្យទី១៩មេសា ថា ខ្លួនបានបាញ់ទៅលើនាវាដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់ ខណៈនាវានោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ បាន់ដារ អាប់បាស (Bandar Abbas)។

លោកប្រធានាធិបតី ត្រាំ បានសរសេរលើបណ្តាញសង្គមថា៖«យើងបានគ្រប់គ្រងនាវារបស់ពួកគេទាំងស្រុង ហើយកំពុងពិនិត្យមើលថា តើមានអ្វីខ្លះនៅលើនោះ?..»។ ទោះយ៉ាងណា យោធាអ៊ីរ៉ង់ បានអះអាងថា នាវានោះបានធ្វើដំណើរមកពីប្រទេសចិន។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ម្នាក់ បានសង្កត់ធ្ងន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖«យើងព្រមានថា កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងឆ្លើយតប និងសងសឹកក្នុងពេលឆាប់ៗនេះ ចំពោះអំពើចោរសមុទ្ទប្រដាប់អាវុធដោយយោធាសហរដ្ឋអាម៉េរិកនេះ»។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ក៏បានរាយការណ៍ផងដែរថា៖«រដ្ឋធានីតេហេរ៉ង់ បានបដិសេធការចរចាសន្តិភាពថ្មី ដោយសារការបិទខ្ទប់ដែលកំពុងបន្ត ការប្រើសម្តីគំរាមកំហែង និងការផ្លាស់ប្ដូរជំហររបស់រដ្ឋធានីវ៉ាស៊ីនតោន រួមទាំងការទាមទារហួសហេតុ»។

គេនៅចាំបានថា ត្រាំ ធ្លាប់បានព្រមានថា សហរដ្ឋអាម៉េរិក នឹងបំផ្លាញរាល់ស្ពាន និងរោងចក្រអគ្គិសនីក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើរដ្ឋធានីតេហេរ៉ង់បដិសេធលក្ខខណ្ឌរបស់លោក។ ចំណែកអ៊ីរ៉ង់វិញ ក៏បានប្រតិកម្មថា ប្រសិនបើសហរដ្ឋអាម៉េរិកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន ខ្លួនក៏នឹងវាយប្រហារទៅលើរោងចក្រអគ្គិសនី និងរោងចក្រផលិតទឹកស្អាតនៃប្រទេសក្នុងតំបន់ឈូងសមុទ្ទអារ៉ាប់ ដែលផ្តល់ទីតាំងឱ្យមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិក។ គួរបញ្ជាក់ថា សង្គ្រាមដែលឈានចូលដល់សប្តាហ៍ទី៨នៅមជ្ឈិមបូព៌ានេះ បានបង្កើតឱ្យមានភាពរង្គោះរង្គើខ្លាំងបំផុតដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។ មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររួមគ្នាយ៉ាងសាហាវរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ទន្ទឹមនឹងការឈ្លានពានរបស់អ៊ីស្រាអែលទៅលើលីបង់ ក៏បានផ្តាច់ជីវិតមនុស្សមិនតិចនាក់ដែរ៕




