
មជ្ឈិមបូព៌ា៖ តម្លៃប្រេងពិភពលោក បានហក់ឡើងវិញយ៉ាងគំហុកដល់ទៅជាង៦ភាគរយ នៅថ្ងៃចន្ទទី២០ ខែមេសានេះ បន្ទាប់ពីបានដាំក្បាលចុះកាលពីចុងសប្តាហ៍មុន ក្រោយច្រកសមុទ្ទហ័រមូស្សត្រូវបានបិទជាថ្មីម្ដងទៀត។ ភាពតានតឹងបានផ្ទុះឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ចោទប្រកាន់គ្នាទៅវិញទៅមក ថា បានរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ តាមរយៈការវាយប្រហារលើនាវាដឹកជញ្ជូនក្នុងអំឡុងចុងសប្តាហ៍កន្លងទៅ...។

តម្លៃប្រេងប្រេន(Brent) បានហក់ឡើងដល់៩៦,៤៩ដុល្លារក្នុងមួយបារ៉ែល (កើនឡើង ៦,៧៦ភាគរយ) ខណៈប្រេង WTI របស់សហរដ្ឋអាម៉េរិកបានឡើងដល់៩០,៣៨ដុល្លារ (កើនឡើង៧,៧៩ភាគរយ)។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពសហរដ្ឋអាម៉េរិក បានរឹបអូសនាវាដឹកទំនិញរបស់អ៊ីរ៉ង់មួយគ្រឿងដែលព្យាយាមទម្លុះការបិទខ្ទប់។ ជាការឆ្លើយតប អ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជុំទីពីរឡើយ ទោះបីជាមានការគំរាមកំហែងពីលោក ត្រាំ លើការវាយប្រហារតាមអាកាសជាថ្មីក៏ដោយ។ បច្ចុប្បន្ន សហរដ្ឋអាម៉េរិកនៅតែបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ខណៈរដ្ឋធានីតេហេរ៉ង់ ក៏បានបិទច្រកសមុទ្ទហ័រមូស្សដែលជាសរសៃឈាមសេដ្ឋកិច្ចដឹកជញ្ជូនប្រេង១ភាគ៥របស់ពិភពលោកនេះ បង្កឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំង ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលសកល។

អ្នកវិភាគបានលើកឡើងថា ទីផ្សារប្រេងកំពុងរេតាមសម្ដី និងការបង្ហោះលើបណ្ដាញសង្គមរបស់មេដឹកនាំនៃប្រទេសទាំងពីរ ជាជាងការពិតជាក់ស្ដែងនៅលើសមរភូមិ។ កាលពីថ្ងៃទី១៨ ខែមេសា មាននាវាជាង២០គ្រឿងបានឆ្លងកាត់ច្រកសមុទ្ទនេះ ក្នុងអំឡុងពេលបើកបណ្ដោះអាសន្ន ប៉ុន្តែការប្រកាសបិទវិញភ្លាមៗរបស់អ៊ីរ៉ង់ បានធ្វើឱ្យម្ចាស់នាវាដឹកជញ្ជូនមានការរារែក និងបាត់បង់ទំនុកចិត្តក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏គ្រោះថ្នាក់។ ស្ថានភាពនេះ បានធ្វើឱ្យការរំពឹងទុកពីការងើបឡើងវិញនៃរំហូរប្រេង កាន់តែមានភាពស្រពិចស្រពិល និងជំរុញឱ្យតម្លៃប្រេងបន្តស្ថិតក្នុងសភាពមិនស្ថិតស្ថេរ៕



