មន្រ្តីនគរបាលខេត្តកំពតម្នាក់ទាញកែវស្រាគប់ស្ត្រីអ្នករត់តុ ខឹងអត់មានទឹកកក
ហាក់ អ៊ីឌី
7 ម៉ោងមុន

ក្រុងកំពត៖ ស្ត្រីជាអ្នករត់តុម្នាក់បានរងរបួសផ្ទៃមុខ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរភ្លាមៗ ក្រោយត្រូវមន្ត្រីនគរបាលម្នាក់ ទាញកែវគប់ទាំងកំរោល ខឹងរឿងផឹកស្រាអត់មានទឹកកក កាលពីយប់ថ្ងៃទី១៩មេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត...។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយ ជនរងគ្រោះឈ្មោះ ថា ទិត្យធូ បានមកស៊ីឈ្នួលចាប់ទឹកកកក្នុងកម្មវិធីមួយ ស្ថិតនៅបុរីកុសល្យ មុីរៀល អុីស្ទេត ឯ.ក. ខណៈម្ចាស់បុរីនោះ ត្រូវបានគេស្គាល់ថា ជាសាច់ញាតិរបស់ជនបង្កផ្ទាល់តែម្ដង។ លុះពេលកម្មវិធីជិតចប់ទៅហើយ ស្រាប់តែជនសង្ស័យឈ្មោះ ទេព សុខផេង ជាមន្រ្តីបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត ខឹងកែវស្រាខ្លួនអស់ទឹកកក ហើយហៅជនរងគ្រោះមកចាប់ទឹកកកឱ្យយូរពេក ក៏កើតជាកំហឹងយកកែវស្រានោះគប់ចំកណ្ដាលមុខតែម្ដង បណ្ដាលឱ្យស្ត្រីរត់តុរងរបួសផ្ទៃមុខ ទើបក្រុមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុរួច ជនបង្កបានព្យាយាមសម្របសម្រួលជនរងគ្រោះ ដោយព្រមសងសំណងចំនួន២លាន៥០ម៉ឺនរៀលដើម្បីបញ្ចប់រឿង ប៉ុន្តែជនរងគ្រោះមិនព្រមទទួលយកប្រាក់នោះឡើយ។ យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារទី២១ ខែមេសានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តកំពត បានបង្ហោះសំណេរមានខ្លឹមសារថា ករណីមន្ត្រីនគរបាលយកកែវគប់លើប្រជាពលរដ្ឋបែកក្បាល លោកបានបញ្ជាឱ្យអធិការក្រុងកំពត នាំខ្លួនមកអនុវត្តផ្លូវច្បាប់ដោយគ្មានការលើកលែង សូមសាធារណជនមេត្តាជ្រាប ករណីខាងលើ ជនរងគ្រោះមិនបានមកដាក់ពាក្យប្តឹងទេ ទើបមានការយឺតយ៉ាវក្នុងការទទួលបានព័ត៌មាននេះ៕ 

លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តកំពត 
លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តកំពត 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត