ជប៉ុនកែច្បាប់នាំចេញអាវុធទ្រង់ទ្រាយធំ ត្រៀមលក់នាវាចម្បាំង និងមីស៊ីលទៅកាន់សកលលោក
N
Nary Vann
21 មេសា 2026 02:45 AM

រាជធានីតូក្យូ៖ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចលុបចោលការរឹតត្បិតលើការនាំចេញអាវុធដែលបានអនុវត្តអស់ជាច្រើនទសវត្សរ៍មកហើយ។ នៅថ្ងៃទី២១ ខែមេសានេះ ជាការបើកផ្លូវឱ្យប្រទេសមហាអំណាចសង្គ្រាមលោកមួយនេះ អាចលក់នាវាចម្បាំង មីស៊ីល និងគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ដទៃទៀតទៅកាន់ទីផ្សារអន្តរជាតិ...។

ការផ្លាស់ប្ដូរដ៏សំខាន់នេះ ត្រូវបានគេមើលឃើញថា ជាការបោះជំហានកាន់តែឆ្ងាយចេញពីគោលនយោបាយសន្តិនិយម (Pacifist Policy) ក្រោយសម័យសង្គ្រាមលោកលើកទី២ ក្នុងគោលបំណងពង្រឹងឧស្សាហកម្មការពារជាតិរបស់ខ្លួនឱ្យកាន់តែរឹងមាំ។ មូលហេតុចម្បងដែលរុញច្រានឱ្យជប៉ុនសម្រេចចិត្តបែបនេះ គឺដោយសារសង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា បាននិងកំពុងធ្វើឱ្យខ្សែច្រវាក់ផលិតកម្មអាវុធរបស់សហរដ្ឋអាម៉េរិក ជួបភាពតានតឹង ដែលផ្ដល់ឱកាសឱ្យជប៉ុនចូលខ្លួនមកបំពេញចន្លោះប្រហោងនេះវិញ។ ទន្ទឹមនោះ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ទាំងនៅអឺរ៉ុប និងអាស៊ី ក៏កំពុងស្វែងរកការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់អាវុធថ្មីៗផងដែរ ខណៈការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់រដ្ឋធានីវ៉ាស៊ីនតោន ហាក់មានភាពមិនច្បាស់លាស់ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ

រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី សាណាអេ តាកៃឈី (Sanae Takaichi) បានលុបចោលនូវប្រភេទអាវុធដែលធ្លាប់កំណត់ឱ្យនាំចេញបានត្រឹមតែគ្រឿងបរិក្ខារសង្គ្រោះ ដឹកជញ្ជូន និងឃ្លាំមើល។ ឥឡូវនេះ ជប៉ុននឹងវាយតម្លៃលើរាល់សំណើលក់អាវុធទាំងអស់ ដោយផ្អែកលើករណីនីមួយៗវិញ។ ប្រភពពីមន្ត្រីការទូត បានបង្ហើបឱ្យដឹងថា បណ្ដាប្រទេសចាប់ពីប៉ូឡូញរហូតដល់ហ្វីលីពីន កំពុងចាប់អារម្មណ៍ទិញអាវុធពីជប៉ុន ក្នុងនោះកិច្ចព្រមព្រៀងដំបូងគេបង្អស់ អាចជាការលក់នាវាចម្បាំងដែលប្រើរួចទៅឱ្យរដ្ឋធានីម៉ានីល។

លោកស្រី សាណាអេ តាកៃឈី
លោកស្រី សាណាអេ តាកៃឈី

ទោះបីជាជប៉ុននៅតែប្រកាន់ខ្ជាប់នូវគោលការណ៍តឹងរ៉ឹង ក្នុងការមិនលក់អាវុធឱ្យប្រទេសដែលកំពុងមានជម្លោះផ្ទាល់ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានបញ្ជាក់ថា ករណីលើកលែង អាចនឹងត្រូវធ្វើឡើង ប្រសិនបើវាត្រូវបានចាត់ទុកថា ជាការចាំបាច់សម្រាប់សន្តិសុខជាតិ។ នេះគឺជាសញ្ញាមួយបង្ហាញថា ជប៉ុនកំពុងប្រែក្លាយខ្លួនទៅជាមហាអំណាចយោធាមួយដែលសកម្មជាងមុន នៅក្នុងភូមិសាស្ត្រនយោបាយពិភពលោក ដែលកំពុងមានភាពចលាចល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត