
រាជធានីតូក្យូ៖ នៅថ្ងៃសុក្រទី១០ ខែមេសា ឆ្នាំ២០២៦ ជប៉ុនបានប្រកាសបន្ទាបកម្រិតវាយតម្លៃលើទំនាក់ទំនងជាមួយចិនជាលើកដំបូង ក្នុងរយៈពេល១០ឆ្នាំ ដែលនេះជាសញ្ញាបង្ហាញថា ទំនាក់ទំនងរវាងមហាអំណាចអាស៊ីទាំង២ កំពុងស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ...។

គេនៅចាំបានថា ទំនាក់ទំនងរដ្ឋធានីប៉េកាំង និងរាជធានីតូក្យូ ចាប់ផ្ដើមល្អក់កករខ្លាំង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) បានប្រើវោហារសាស្ត្រដ៏មុតស្រួចកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រសិនបើចិនវាយប្រហារលើកូនកោះតៃវ៉ាន់ នោះជប៉ុននឹងប្រើកម្លាំងយោធាចូលអន្តរាគមន៍ភ្លាម។

ជាក់ស្តែង នៅក្នុងរបាយការណ៍គោលនយោបាយការបរទេស (ឬ Bluebook) ឆ្នាំនេះ ជប៉ុនឈប់ចាត់ទុកចិនជា«ដៃគូដ៏សំខាន់បំផុតមួយ»ទៀតហើយ ដោយប្ដូរមកហៅត្រឹមតែជា«អ្នកជិតខាង»តែប៉ុណ្ណោះ។ ជាមួយគ្នា ជប៉ុនក៏បានរិះគន់ចំៗថា ចិនបានបង្កើនការរិះគន់លើជប៉ុនតែម្នាក់ឯង និងប្រើប្រាស់វិធានការគំរាមកំហែងផ្សេងៗលើរាជធានីតូក្យូ។

សូមជម្រាបថា ចិនបានរឹតបន្តឹងការនាំចូលទំនិញពីក្រុមហ៊ុនជប៉ុនមួយចំនួន រួមទាំងហាមឃាត់ការនាំចូលសារធាតុរ៉ែកម្រថែមទៀតផង ហើយសូម្បីតែចំនួនអ្នកទេសចរចិនទៅលេងជប៉ុន ក៏បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅ៤៥,២ភាគរយ កាលពីខែកុម្ភៈកន្លងទៅ ព្រោះចិនបានជំរុញពលរដ្ឋខ្លួនកុំឱ្យទៅលេងជប៉ុន៕



