
រាជធានីតូក្យូ៖ ចំពេលទំនាក់ទំនងប្រទេសទាំង២ កំពុងធ្លាក់ដុនដាបស្រាប់ទៅហើយនោះ ស្ថានទូតចិនប្រចាំប្រទេសជប៉ុន បានផ្ទុះកំហឹងយ៉ាងខ្លាំង និងចោទប្រកាន់រាជរដ្ឋាភិបាលតូក្យូថា មិនបានយកចិត្តទុកដាក់ការពារសុវត្ថិភាពដល់អ្នកការទូតចិន ក្រោយពីមានករណីគំរាមកំហែងធ្ងន់ធ្ងរចំនួន៣លើក ក្នុងរយៈពេលត្រឹមតែ១ខែ។

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី១៦ ខែមេសា ស្ថានទូតចិនបានទាមទារឱ្យជប៉ុនដាក់ទោសជនល្មើសឱ្យបានធ្ងន់ធ្ងរបំផុត ដោយបានលាតត្រដាងព្រឹត្តិការណ៍គួរឱ្យតក់ស្លុត រួមមាន ការលួចសម្រុកចូលក្នុងស្ថានទូតដើម្បីគំរាមសម្លាប់មន្ត្រីការទូត ការផ្ញើសំបុត្របំភិតបំភ័យពីការតាមសម្លាប់ជនជាតិចិន និងការគំរាមបំផ្ទុះគ្រាប់បែក។ អ្វីដែលធ្វើឱ្យរដ្ឋធានីប៉េកាំងមានការសង្ស័យកាន់តែខ្លាំងនោះ គឺជនល្មើសទាំងនោះសុទ្ធតែអះអាងថាខ្លួន ជាអតីតសមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុន (SDF) ដែលនាំឱ្យមានការចោទសួរចំៗថា តើមានអង្គការចាត់តាំង ឬកម្លាំងនយោបាយណាមួយនៅពីក្រោយខ្នងនៃសកម្មភាពបង្កហេតុទាំងនេះដែរឬទេ?

ទំនាក់ទំនងរវាងជប៉ុន និងចិន បានចាប់ផ្ដើមដុនដាបខ្លាំង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈី (Sanae Takaichi) បានបង្ហើបកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ថា ជប៉ុនអាចនឹងធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើចិនព្យាយាមវាយយកកោះតៃវ៉ាន់។ សម្ដីនេះបានធ្វើឱ្យរដ្ឋធានីប៉េកាំងខឹងសម្បារយ៉ាងខ្លាំង រហូតដល់មានការព្រមានពលរដ្ឋខ្លួនកុំឱ្យមកកម្សាន្តនៅជប៉ុន ដែលធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងគំហុក។ ប្រសិនបើស្ថានភាពនេះនៅតែបន្តអាក្រក់ទៅៗ វាមិនត្រឹមតែធ្វើឱ្យទំនាក់ទំនងទ្វេភាគីធ្លាក់ក្នុងភាពអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាហានិភ័យដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដែលកំពុងមានភាពផុយស្រួយស្រាប់ផងដែរ៕




