មន្ត្រីកម្ពុជាប្រាប់ពលរដ្ឋរស់នៅប្រទេសជប៉ុនឱ្យប្រុងប្រយ័ត្ន បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រីព្រមានពីរលកយក្សស៊ូណាមិ
អុន សម្ផស្ស
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ មេដឹកនាំប្រទេសជប៉ុន បានព្រមានពីរលកយក្សស៊ូណាមិ ថាអាចនឹងកើតមានឡើង ក្រោយគ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ។ មន្ត្រីកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីយប់ថ្ងៃទី២០មេសា បានប្រកាសឱ្យពលរដ្ឋកំពុងស្នាក់នៅក្នុងប្រទេសជប៉ុន ជាពិសេស ខេត្តដែលរងផលប៉ះពាល់ ត្រូវយកចិត្តទុកដាក់តាមដានស្ថានការណ៍ និងស្ថិតនៅទីកន្លែងសុវត្ថិភាពតាមចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន…។

ក្រសួងការងារ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់ថា នៅឆ្នេរសមុទ្ទសានរីគូ Sanriku នៃខេត្ត អាអូម៉ូរី Aomori, ហុកកៃដូ Hokkaido និងខេត្ត អ៊ីវ៉ាតេ Iwate របស់ប្រទេសជប៉ុន កាលពីវេលាម៉ោង៤:៥៣នាទីរសៀលថ្ងៃទី២០ ខែមេសា មានគ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័រកើតឡើង។ ទន្ទឹមគ្នានោះ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នអំពីលទ្ធភាពនៃការកើតឡើងនូវរលកយក្សស៊ូណាមិ កម្ពស់រហូតដល់៣ម៉ែត្រ នៅខេត្តទាំង៣ខាងលើ និងកម្ពស់ដល់១ម៉ែត្រនៅស្រុកមួយចំនួនក្នុងខេត្ត មីយ៉ាគី Miyagi, ហ្វូគូស៊ីម៉ា Fukushima, អ៊ីបារ៉ាគី Ibaraki និងខេត្តជីបា Chiba ផងដែរ។ ចំពោះមុខបញ្ហានេះ ក្រសួងការងារកម្ពុជា៖«អំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន»

ជាមួយគ្នាផងដែរ ក្រសួងអះអាងថា កំពុងតាមដានស្ថានការណ៍វិវត្តន៍នៃករណីខាងលើ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។ ក្រៅពីនេះ ក្រសួងប្រាប់ទៅកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅប្រទេសជប៉ុន ត្រូវទាក់ទងមកអនុព័ន្ធការងារ (ទូរសព្ទលេខ៖ ០៨០ ៣៣៦២ ៦១៦៨) ឬស្ថានឯកអគ្គរាជទូតកម្ពុជា (០៨០ ៤៦៨៩ ៩៣៧៤) ប្រចាំប្រទេសជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធ ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីកម្មសិក្សាការី-ពលករជំនាញ រងផលប៉ះពាល់ ឬមានសំណួរបន្ថែម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត