
រាជធានីភ្នំពេញ៖ កម្ពុជា និងជប៉ុន បាននិងកំពុងជំរុញឱ្យមានការបើកដំណើររការយន្តហោះពិសេស រវាងខេត្តសៀមរាប-រាជធានីភ្នំពេញ-ខេត្តអូគីណាវ៉ា។ នេះបើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៩មីនា ឆ្នាំ២០២៦...។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ថ្មីៗនេះ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយលោក តានីមូរ៉ា សូគី ប្រធានក្រុមហ៊ុន Jumbo Tours Co., Ltd. នៅខេត្តអូគីណាវ៉ា និងលោកស្រី សត វិជ្ជរី ប្រធានក្រុមហ៊ុន Magokoro Cambodia នៅខេត្តសៀមរាប ដោយភាគីទាំងពីរ បានផ្លាស់ប្ដូរទស្សនៈជុំវិញការជំរុញឱ្យមានការបើកដំណើររការយន្តហោះពិសេស រវាងសៀមរាប/ភ្នំពេញ និងខេត្តអូគីណាវ៉ា ប្រទេសជប៉ុន ក្នុងទិសដៅជំរុញកំណើនអ្នកទេសចររវាងប្រទេសទាំងពីរ។ ភាគីកម្ពុជា-ជប៉ុន ក៏បានពិភាក្សា ជុំវិញការបន្តផ្តល់ជំនួយជាអគារសិក្សា និងសម្ភារសិក្សាដល់សិស្សនិស្សិតក្រីក្រនៅខេត្តសៀមរាប និងសាលាបណ្ដុះបណ្ដាលភាសាជប៉ុន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងគម្រោងបើកភោជនីយដ្ឋានខ្មែរ នៅខេត្តអូគីណាវ៉ា ដើម្បីលើកកម្ពស់ម្ហូបអាហារខ្មែរនៅក្នុងទីផ្សារជប៉ុន។

ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ កម្ពុជា-ជប៉ុន បានសហការគ្នានាំយកផលិតផលខ្មែរ ជាពិសេស ម្រេចកំពត, ជ្រក់ម្រេច, និងអំបិលកំពត មកផ្សព្វផ្សាយលក់ និងបានផ្គត់ផ្គង់ទៅតាមភោជនីយដ្ឋាន និងសណ្ឋាគារធំៗ នៅខេត្តអូគីណាវ៉ា។ សូមជម្រាបថា កម្ពុជា-ជប៉ុន ជាមិត្តចាស់ មិត្តដ៏សំខាន់ និងជិតស្និទ្ធ ហើយសម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា ក្នុងរយៈពេលជាង៧០ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពូនជ្រំ ពង្រឹង និងពង្រីកស្ទើរគ្រប់វិស័យ៕





