
រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈ អង្គការចេម៉ាស (JMAS) បន្តអនុម័តជំនួយថវិកាជាង១៨ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីអនុវត្តគម្រោងបោសសម្អាតគ្រាប់បែកចង្កោមនៅកម្ពុជា រយៈពេលពេញ១ឆ្នាំតទៅមុខទៀត...។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា និងលោក អឺនរ៉ាន ស៊ីហ្គេយូគិ (Mr.UNRAN Shigeyuki) ប្រធានអង្គការចេម៉ាស (JMAS) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូទ្វេភាគី កាលពីថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២៦។ កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឱ្យមន្ត្រីជំនាញអង្គភាពទាំងពីរ សហការគ្នាអនុវត្តគម្រោងបោសសម្អាតគ្រាប់បែកចង្កោមចាប់ពីថ្ងៃទី៥កុម្ភៈនេះ រហូតដល់ថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២៧។ ការបោសសម្អាត ត្រូវធ្វើឡើងលើផ្ទៃដីប្រមាណជាង៣០០ហិកតា ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលមានថវិកាគម្រោងជាង១៨ម៉ឺនដុល្លារអាម៉េរិក និងថវិកាក្នុងគម្រោងមួយចំនួនទៀត អង្គការចេម៉ាស ជួយអភិវឌ្ឍន៍សហគមន៍ដោយផ្ទាល់។

ក្រៅពីបោសសម្អាតគ្រាប់បែកចង្កោមរួមគ្នា អង្គភាពជំនាញរបស់ជប៉ុន ក៏នឹងចែករំលែកចំណេះជំនាញបន្ថែមដល់មន្ត្រីស៊ីម៉ាក់កម្ពុជា អំពីវិធីសាស្ដ្រដែលមានសក្ដិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ ទន្ទឹមគ្នានោះ ចេម៉ាស នឹងចែករំលែកពីវិធីបញ្ចៀសហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន ព្រមទាំងបណ្ដុះបណ្ដាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្មផងដែរ។ «គ្រាប់បែកចង្កោម» ជាប្រភេទគ្រាប់ដែលងាយនឹងផ្ទុះ ដោយសារការប៉ះស្រាលៗ រំញ័រតិចតួច អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត ដោយសារតែការចង់ដឹង ចង់ឃើញរបស់កុមារ និងឧបករណ៍ដែលកសិករប្រើប្រាស់ធ្វើកសិកម្ម។ ដ្បិតគ្រាប់ទាំងនេះ បានខ្ចាត់ខ្ចាយពាសពេញដី កសិដ្ឋាន ព្រៃ និងភូមិរបស់ពលរដ្ឋកម្ពុជា ហើយគ្រាប់ទាំងនេះនឹងនៅទីនោះជាយូរបន្ទាប់សង្គ្រាម។

សូមរំឭកថា អង្គភាពស៊ីម៉ាក់ និងអង្គការចេម៉ាស បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងកម្ចាត់មីន និងអភិវឌ្ឍន៍សហគមន៍ក្រោយបោសសម្អាតមីនមកអស់រយៈពេលជាង២០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ២០០២។ កិច្ចសហការរវាងអង្គភាពទាំងពីរនេះ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងសុខសុវត្ថិភាព និងកសាងសេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានក្នុងខេត្តគោលដៅមួយចំនួនដូចជា៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង៕





