
រាជធានីភ្នំពេញ៖ ប្រទេសជប៉ុន តាមរយៈមន្ត្រីទូតប្រចាំកម្ពុជា សម្រេចផ្តល់ថវិកាប្រមាណ១លានដុល្លារសហរដ្ឋអាម៉េរិក ដល់អង្គការ ILO ពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជួយលើកកម្ពស់ការផ្ដល់ឱកាសការងារ ដល់អតីតពលករកម្ពុជា ដែលវិលត្រឡប់មកពីប្រទេសថៃ ដោយសារសង្គ្រាមឈ្លានពានតាមបន្ទាត់ព្រំដែន...។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី«ការលើកកម្ពស់មុខរបរ និងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា-ឡាវ និងថៃ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមក្រសួងការងារ គម្រោងនេះដឹកនាំដោយ ILO និងក្រសួងការងារ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុន មានរយៈពេល២៤ខែ ផ្តោតលើការជួយពលករចំណាកស្រុកឱ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារមុខរបរ និងការងារ និងសេវាកម្មជំនាញ។

សកម្មភាពសំខាន់ៗក្នុងគម្រោងរួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន៣ ក្នុងខេត្តមានពលករវិលត្រឡប់មកវិញច្រើនដូចជា ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់, ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។ ឯកអគ្គរាជទូតជប៉ុន ចាត់ទុកថា៖«គម្រោងនេះបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការគាំទ្ររបស់ជប៉ុន ចំពោះទីផ្សារការងារដែលរួមបញ្ចូល និងមានភាពធន់»។ ចំណែក លោកស្រី ស៊ាវយៀន ឈាន នាយិកា ILO លើកឡើងថា គម្រោងនេះជួយពង្រឹងប្រព័ន្ធសមាហរណកម្មថ្នាក់ជាតិ ដោយតភ្ជាប់ការទទួលស្គាល់ជំនាញការផ្គូផ្គងការងារ និងការការពារសង្គម ដោយធានាថា អតីពលករចំណាកស្រុកត្រូវបានគាំទ្រប្រកបដោយប្រសិទ្ធភាព។

លោក ហេង សួរ អះអាងថា ការវិលត្រឡប់របស់ពលករកម្ពុជា តម្រូវឱ្យមានការឆ្លើយតបកម្រិតថ្នាក់ជាតិមួយប្រកបដោយការសម្របសម្រួល។ ដូច្នេះ លោកចាត់ទុកគម្រោងនេះ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជា ក្នុងការតភ្ជាប់អតីតពលករទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរ និងការងារ និងជីវភាពរស់នៅប្រកបដោយផលិតភាព ដើម្បីជួយឱ្យពួកគាត់កសាងជីវិតឡើងវិញ។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលជប៉ុន គាំទ្រ និងបង្កើនគម្រោងនេះឡើងតាមការស្នើសុំរបស់ក្រសួងការងារ ក៏ដូចជាអរគុណដល់ ILO សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដែលធានាថា អតីតពលករមិនត្រឹមតែទទួលបានការសមាហរណកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងសមត្ថភាព អាចកសាងអនាគតមានស្ថិរភាព មានផលិតភាព និងមានកិត្តិយស នៅក្នុងមាតុភូមិរបស់ខ្លួន៕








