
ក្រុងប៉ោយប៉ែត៖ ថ្នាំញៀនដ៏ច្រើនសន្ធឹករួមទាំងឧក្រិដ្ឋជនជនជាតិវៀតណាម៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ស្ថិតនៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។

យោងតាមរបាយការណ៍ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ គូសបញ្ជាក់ថា ការបង្រ្កាបធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ឡា ត្រុងញ៉ាន់ (LA TRONG NHAN) ពាក់ព័ន្ធករណីហិង្សាដោយចេតនា។ ភ្លាមៗ..ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់កម្លាំងជំនាញបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធសរុបបានចំនួន៦នាក់ ដែលរួមមាន៖ ទី១.ឈ្មោះ វង ទុងកេក, ទី២.ឈ្មោះ វែង ថឹងបិន, ទី៣.ឈ្មោះ ឡេ យ៉ាំងវ៉ឹក, ទី៤.ឈ្មោះ ជឿង ខាន់តុង ហៅហ្វី, ទី៥.ឈ្មោះ វែង តឹងតាយ, និងទី៦.ឈ្មោះ ប៊ូយ វ៉ឹកខាន់។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីការឃាត់ខ្លួនជនល្មើសទាំងនោះ មន្រ្តីជំនាញបានបន្តរកឃើញថ្នាំញៀនជាច្រើនប្រភេទ ដែលពួកគេលាក់ទុកផងដែរក្នុងនោះរួមមាន៖ ម្សៅម៉ត់ពណ៌-ស សង្ស័យជាសារធាតុផ្សំចំនួន៧៥កញ្ចប់, ម្សៅរូបសេះចំនួន៥៨កញ្ចប់ រួមទាំងឧបករណ៍បម្រើឱ្យការប្រព្រឹត្តិបទល្មើសមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបញ្ជូនសំណុំរឿងបន្តទៅកាន់តុលាការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់ជាធរមាន៕






