ឈើធ្នង់៨ដើមនៅព្រៃសង្ឃរុក្ខវ័ន ត្រូវជនល្មើសលួចកាត់អំឡុងថ្ងៃចូលឆ្នាំខ្មែរ
អុន សម្ផស្ស
4 ម៉ោងមុន

ក្រុងសំរោង៖ ធនធានធម្មជាតិក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន កាន់តែបន្តបាត់បង់ដោយសារជនឱកាសនិយមតែងធ្វើសកម្មភាពលួចកាត់ជារឿយៗ ជាពិសេស រាល់ពេលមានពិធីបុណ្យជាតិធំៗ។ ជាក់ស្តែង អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ព្រះសង្ឃ និងគណៈកម្មការសហគមន៍តំបន់កំពុងជាប់រវល់ មានជនទុច្ចរិតលួចចូលទៅកាត់ដើមឈើធ្នង់ធំៗចំនួន៨ដើម…។

ទំព័រហ្វេសប៊ុក ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ប្រកាសជាសាធារណៈកាលពីថ្ងៃទី១៩មេសា ឆ្នាំ២០២៦ថា ព្រះសង្ឃ និងគណៈកម្មការសហគមន៍ ១១អង្គនាក់ បានចុះល្បាតឃ្លាំមើលបទល្មើសធនធានធម្មជាតិក្រោយពិធីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់។ ក្នុងរបាយការណ៍ សហគមន៍បានប្រទះឃើញ ឈើធ្នង់ចំនួន៨ដើមដែលមានមុខកាត់ចាប់ពី២តឹក ដល់ជាងបួនតឹកត្រូវជនល្មើសលួចកាត់ និងចាំងស្ពាយចេញពីភូមិឈូកមាស ក្រុងសំរោង និងភូមិថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ 

ព្រះប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន លម្អិតបន្ថែមលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២០មេសានេះថា ក្រុមទុច្ចរិតនៅតែបន្តធ្វើសកម្មភាពលួចកាត់ឈើ ដើរបរបាញ់សត្វ និងដើរដុតភ្លើងឱ្យឆេះព្រៃជាបន្តបន្ទាប់ហាក់ដូចជាមិនក្រែងច្បាប់សោះ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី១៨ និង១៩មេសា មានស្នូរកាំងភ្លើងសរុបបីគ្រាប់បានផ្ទុះឡើង។ ចំពោះមុខបញ្ហានេះ ព្រះប្រធានសហគមន៍ អំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានលំនៅឋានជុំវិញព្រៃបន្តគោរពច្បាប់ និងរាយការណ៍អំពីសកម្មភាពខុសច្បាប់នានា ក្នុងវិស័យបរិស្ថាន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យការពារព្រៃឈើ និងជីវៈចម្រុះរបស់ប្រទេសកម្ពុជា។ ដោយឡែក ទំព័រហ្វេសប៊ុក ព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានទទូចដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធស៊ើបអង្កេតរកជនល្មើសលួចកាត់ឈើមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ដែលមានចែងជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត