
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់អាស៊ីឆ្នេរខ្សាច់ លើកទី៦ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា សាធារណរដ្ឋប្រជាមានិតចិន។ គ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលជាអត្តពលិកក្រសួងមហាផ្ទៃចំនួន៦នាក់ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ។

មន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចំពោះគ្រូបង្វឹកគឺ លោក កាង ដែនពិសិដ្ឋ ចំណែកកីឡាករ-កីឡាការិនីទាំង៦នាក់ មានដូចជា លោក ហេង វុទ្ធី, លោក ឈឿន ឈាង, លោក ហេង រ័ត្តថា, លោក ឌិត សំណាង, កញ្ញា ជឿន ស្រីឡែន និងកញ្ញា ជា កញ្ញា។ លោកឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានជួបសម្ដែងការគួរសមជាមួយអ្នកទាំង៧ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ មុនចេញទៅចូលរួមក្នុងពីធីបើកព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់អាស៊ីឆ្នេរខ្សាច់ លើកទី៦។

ជាមួយគ្នា លោកអគ្គលេខាធិការ ក៏បានលើកទឹកចិត្តដល់គ្រូបង្វឹក ជាអ្នកដឹកនាំកីឡាករ-កីឡាការិនីទៅប្រកួតផ្ទាល់ ត្រូវតាមដាន ក៏ដូចជាយកចិត្តទុកឱ្យបានខ្លាំងក្លាក្នុងពេលប្រកួត ដើម្បីជួយសម្រួលបច្ចេកទេសការប្រកួត ឱ្យទទួលបានជ័យជម្នះជូនជាតិមាតុភូមិ។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ជាប់ខ្ជួន គោរពក្រមសីលធម៌ វិន័យ ជាពិសេស ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិទាំងមុន និងកំលុងពេលប្រកួត ព្រោះលោកចាត់ទុកកត្តាទាំងនេះ ជាកាតព្វកិច្ចដែលអត្តពលិកកម្ពុជាត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ពេលចេញទៅប្រកួតនៅក្រៅប្រទេសម្ដងៗ៕



