
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបើកការវាយប្រហារ និងប្រើពាក្យសម្តីធ្ងន់ៗ ខ្លាំងៗ ទៅលើសម្តេចប៉ាបលីអូទី១៤ នៅថ្ងៃចន្ទទី១៣ ខែមេសា ដោយហៅសម្តេចប៉ាបថា ជាមេដឹកនាំ«ទន់ជ្រាយ»លើបញ្ហាឧក្រិដ្ឋកម្ម និងមានគោលនយោបាយការបរទេស«អន់បំផុត»...។

ការផ្ទុះកំហឹងរបស់លោក ត្រាំ កើតឡើង បន្ទាប់ពីសម្តេចប៉ាបរិះគន់ចំៗលើគោលនយោបាយអន្តោប្រវេសន៍ និងការបរទេសរបស់រដ្ឋបាលលោក ត្រាំ ជាពិសេស ពាក់ព័ន្ធនឹងសង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែកុម្ភៈមក។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖«សម្តេចប៉ាប លីអូ គឺទន់ជ្រាយលើបញ្ហាឧក្រិដ្ឋកម្ម ហើយពិតជាអន់ណាស់ ចំពោះនយោបាយការបរទេស។ លីអូ គួរតែចេះរៀបចំខ្លួនឱ្យសមជាសម្តេចប៉ាប»។ ក្រោយមក លោកបានប្រាប់អ្នកសារព័ត៌មានបន្ថែមថា លោកមិនមែនជាអ្នកគាំទ្ររបស់សម្តេចប៉ាបឡើយ។

សូមជម្រាបថា សម្តេចប៉ាបលីអូទី១៤ ត្រូវបានគេស្គាល់ថា ជាមេដឹកនាំសាសនាដែលប្រុងប្រយ័ត្នក្នុងការប្រើសម្តីបំផុត និងបានក្លាយជាអ្នករិះគន់យ៉ាងសកម្ម ចំពោះសង្គ្រាមនៅអ៊ីរ៉ង់។ គេក៏នៅចាំបានថា កាលពីដើមខែមេសានេះ ព្រះអង្គមានព្រះបន្ទូលថា ការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការកម្ទេចអារ្យធម៌អ៊ីរ៉ង់ គឺជាទង្វើដែលមិនអាចទទួលយកបាន។ ក្រៅពីបញ្ហាសង្គ្រាម សម្តេចប៉ាប ក៏បានអំពាវនាវឱ្យមានការពិចារណាឱ្យបានស៊ីជម្រៅ អំពីរបៀបដែលរដ្ឋបាលលោក ត្រាំ កំពុងអនុវត្តចំពោះជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាម៉េរិកផងដែរ៕



