
រដ្ឋធានីម៉ានីល៖ មន្ត្រីយោធាសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃទី១៤ ខែមេសាថា កងកម្លាំងយោធាសហរដ្ឋអាម៉េរិក និងយោធាហ្វីលីពីនជាង ១៧០០០នាក់ នឹងចាប់ផ្ដើមសមយុទ្ធប្រយុទ្ធប្រចាំឆ្នាំដ៏ធំបំផុតមួយ ដែលមានឈ្មោះថា បាលីកាតាន់ Balikatan ចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ខាងមុខ...។

សមយុទ្ធឆ្នាំនេះ មានភាពពិសេសត្រង់ថា នឹងមានការចូលរួមពីកងកម្លាំងមិត្តភក្តិផ្សេងទៀតដូចជា ជប៉ុន បារាំង និងកាណាដា។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺកងកម្លាំងស្វ័យការពារជប៉ុននឹងធ្វើការបាញ់មីស៊ីលកម្ទេចនាវាចម្បាំង នៅក្នុងតំបន់សមុទ្ទភាគពាយព្យនៃប្រទេសហ្វីលីពីន ដែលបែរមុខទៅរកសមុទ្ទចិនខាងត្បូង ជាតំបន់មានជម្លោះដណ្តើមអធិបតេយ្យភាពយ៉ាងក្ដៅគគុកជាមួយចិន។

លោកវរសេនីយ៍ឯក Robert Bunn អ្នកនាំពាក្យកងកម្លាំងសហរដ្ឋអាម៉េរិក បញ្ជាក់ថា ទោះបីបច្ចុប្បន្ន សហរដ្ឋអាម៉េរិក កំពុងជាប់រវល់នឹងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែការបញ្ជូនកម្លាំងដ៏ច្រើនមកកាន់អាស៊ីនៅពេលនេះ គឺជាសារមួយបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះសម្ព័ន្ធភាព និងសន្តិសុខក្នុងតំបន់។ លោកបន្ថែមថា វិញ្ញាសាសំខាន់មួយក្នុងសមយុទ្ធនេះ គឺការហ្វឹកហ្វឺនការពារ និងកម្ទេចដ្រូន ដែលជាបច្ចេកវិទ្យាប្រយុទ្ធដ៏សំខាន់ក្នុងសមរភូមិបច្ចុប្បន្ន។

កន្លងមក រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក លោក ភិត ហេកសិត (Pete Hegseth) បានធានាដល់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) ថា រដ្ឋបាលរបស់លោក ត្រាំ នឹងឈរនៅក្បែរសម្ព័ន្ធមិត្តជានិច្ច ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ប្រទេសចិន និងធានាឱ្យបាននូវសេរីភាពនៃការធ្វើនាវាចរនៅក្នុងសមុទ្ទចិនខាងត្បូង (ឬសមុទ្ទហ្វីលីពីនខាងលិច)។ យ៉ាងណាមិញ រដ្ឋធានីប៉េកាំងតែងតែចេញមុខជំទាស់នឹងសមយុទ្ធទាំងនេះ ដោយចោទប្រកាន់ថា ជាការបង្កើនភាពតានតឹង និងការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន៕


