​មិនធ្លាប់មាន! អាម៉េរិកបើកផ្លូវឱ្យយុវជនវ័យជ្រេចូលបម្រើកងទ័ព ខណៈភ្លើងស.ង្គ្រា.មនៅអ៊ីរ៉ង់បន្តឆាបឆេះ
ហៀប ស៊ីថេត
3 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ជារឿងមិនធ្លាប់មានពីមុនមក កងទ័ពជើងគោកសហរដ្ឋអាម៉េរិកបានសម្រេចចិត្តបន្ធូរបន្ថយលក្ខខណ្ឌ និងដំឡើងអាយុជ្រើសរើសកងទ័ពរហូតដល់វ័យ៤២ឆ្នាំ ទន្ទឹមនឹងការសម្រេចចិត្តនេះចាប់ផ្តើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះតទៅ។ ការណ៍នេះកើតឡើងចំពេលមហាអំណាចពិភពលោកមួយនេះ កំពុងផុងជើងក្នុងសង្រ្គាមដ៏ក្ដៅគគុកជាមួយអ៊ីរ៉ង់...។

កាលពីមុន សហរដ្ឋអាម៉េរិកកំណត់អាយុត្រឹម៣៥ឆ្នាំប៉ុណ្ណោះ ដើម្បីមានឱកាសបានចូលបម្រើជួរទ័ព ប៉ុន្តែនៅពេលនេះ បុរស-ស្ត្រី ដែលមានវ័យខ្ទង់៤២ឆ្នាំ ក៏អាចគ្រងឯកសណ្ឋានយោធាបានដែរ។ ការផ្លាស់ប្ដូរនេះ មិនត្រឹមតែដំឡើងអាយុប៉ុណ្ណោះទេ សូម្បីតែអ្នកដែលមានប្រវត្តិជាប់ទោស ក៏អាចស្នើសុំការលើកលែង ដើម្បីមានឱកាសអាចចូលធ្វើទាហានបានដែរ​​។ នេះបង្ហាញឱ្យឃើញថា សហរដ្ឋអាម៉េរិកកំពុងបង្កើនចំនួនកងទ័ពកាន់តែច្រើន ស្របពេលមន្ទីរបញ្ជកោណកំពុងបើកប្រតិបត្តិយ៉ាងក្ដៅគគុកនៅមជ្ឈិមបូព៌ា។

ហេតុអ្វីសហរដ្ឋអាម៉េរិកត្រូវពឹងលើមនុស្សវ័យ៤០ឆ្នាំ ដើម្បីចូលបម្រើយោធា..? ចម្លើយគឺសាមញ្ញណាស់ ដោយសារយុវជនជំនាន់ក្រោយរបស់សហរដ្ឋអាម៉េរិក ហាក់ព្រងើយកន្តើយ និងបែរខ្នងដាក់យោធា។ ជាក់ស្តែង យុវជនសហរដ្ឋអាម៉េរិកភាគច្រើនបានប្រឆាំងយ៉ាងខ្លាំងចំពោះសង្រ្គាមនៅអ៊ីរ៉ង់ ហើយបញ្ហាលើសទម្ងន់, ការប្រើប្រាស់គ្រឿងញៀន, និងបញ្ហាសុខភាពផ្លូវចិត្ត បានធ្វើឱ្យយុវជនសហរដ្ឋអាម៉េរិកជាច្រើននាក់ខ្វះលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលធ្វើជាទាហាន។ ទោះបីជាមន្ទីរបញ្ចកោណបដិសេធថា ការដំឡើងអាយុនេះមិនមែនដើម្បីត្រៀមទ័ពទៅច្បាំងនៅអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែវាធ្វើឡើងស្របពេលប្រធានាធិបតី ដូណាល់ ត្រាំ បង្ហើបពីលទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោកទៅកាន់ទឹកដីអ៊ីរ៉ង់ដូចគ្នា។

អ្នកលេងបណ្តាញសង្គមជាច្រើនបានចំអកឡកលើយថា៖«បើចូលចិត្តគាំទ្រសង្រ្គាម ចូរចុះឈ្មោះទៅច្បាំងខ្លួនឯងទៅ ព្រោះឥឡូវគេទទួលដល់អាយុ៤២ឆ្នាំហើយ!»។ ទោះជាយ៉ាងណា សម្រាប់សហរដ្ឋអាម៉េរិក ក្រុមមនុស្សវ័យ៤០ឆ្នាំ គឺជាធនធានដ៏កម្រ ព្រោះពួកគេមានភាពចាស់ទុំជាង និងមានវិន័យជាងយុវជន។ ការដំឡើងអាយុដល់៤២ឆ្នាំ គឺជាសញ្ញាអាសន្ន ដែលបង្ហាញថា សហរដ្ឋអាម៉េរិកកំពុងបង្កើនចំនួនកងទ័ពឱ្យកាន់តែច្រើន ក្នុងស្ថានភាពសកលដ៏ស្មុគស្មាញ។ គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិកមានកងទ័ពសរុបប្រហែល ១លាន៣២ម៉ឺននាក់ ហើយ៨០ភាគរយជាបុរស ក្នុងនោះសហរដ្ឋអាម៉េរិក មានកងទ័ពជើងគោកប្រហែល៤៥ម៉ឺននាក់។ សំណួរសួរថា តើកងទ័ពវ័យជ្រេទាំងនោះ អាចទប់ទល់នឹងសង្រ្គាមសម័យទំនើប និងនៅមជ្ឈិមបូព៌ាបានដែរឬទេ?...៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត