អ៊ីរ៉ង់ផ្ដាច់ផ្លូវនាវាចរណ៍ពិភពលោកជាថ្មី ​និងបើកការបាញ់ប្រហារលើនាវាដឹកប្រេង​ ក្រោយភាពតានតឹងជាមួយត្រាំ ផ្ទុះឡើងវិញ
N
Nary Vann
2 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ក្ដីសង្ឃឹមនៃសន្តិភាពដែលទើបតែលេចចេញជារូបរាងបានរលាយសាបសូន្យទៅវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ប្រកាសកាលពីថ្ងៃទី១៨ ខែមេសាថា ខ្លួនបានសម្រេចបិទច្រកសមុទ្ទហ័រមូស្ស និងរឹតបន្តឹងការធ្វើនាវាចរឡើងវិញ បន្ទាប់ពីសហរដ្ឋអាម៉េរិក បដិសេធមិនព្រមបញ្ឈប់ការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់។

ស្ថានភាពកាន់តែតានតឹងបានឈានដល់ការផ្ទុះអាវុធ នៅពេលដែលទីភ្នាក់ងារនាវាចរណ៍អង់គ្លេសបានរាយការណ៍ថា នាវាចម្បាំងរបស់ឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានបើកការបាញ់ប្រហារលើនាវាដឹកប្រេងមួយគ្រឿងដែលព្យាយាមឆ្លងកាត់ច្រកសមុទ្ទនេះ។ ជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក៏បានរាយការណ៍ផងដែរថា នាវាដឹកប្រេងឆៅមួយគ្រឿងទៀតដែលដោតទង់ជាតិឥណ្ឌា ក៏បានរងការវាយប្រហារនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះដូចគ្នា។ បញ្ជាការដ្ឋានយោធាចម្រុះរបស់អ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវទឹកយុទ្ធសាស្ត្រនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតពីកងកម្លាំងប្រដាប់អាវុធ ដោយសង្កត់ធ្ងន់ថា ការរឹតបន្តឹងនឹងបន្តអនុវត្តដរាបណារដ្ឋធានីវ៉ាស៊ីនតោនមិនទាន់ធានានូវសេរីភាពពេញលេញសម្រាប់នាវាចេញចូលប្រទេសអ៊ីរ៉ង់។

ការផ្លាស់ប្ដូរជំហរភ្លាមៗរបស់រដ្ឋធានីតេហេរ៉ង់នេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសថា ការបិទខ្ទប់របស់អាម៉េរិកលើអ៊ីរ៉ង់ នឹងបន្តអនុវត្តពេញទំហឹង រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ ហើយបទឈប់បាញ់បណ្ដោះអាសន្នដែលនឹងផុតកំណត់នៅសប្តាហ៍ក្រោយ ក៏អាចនឹងមិនត្រូវបានពន្យារពេលដែរ។ កងទ័ពជើងទឹក IRGC បានបង្ហោះសារយ៉ាងមុតស្រួចលើបណ្ដាញសង្គម X ថា៖«ដរាបណាការធ្វើដំណើររបស់នាវាចេញ-ចូលប្រទេសអ៊ីរ៉ង់នៅតែរងការគំរាមកំហែង នោះស្ថានភាពនៅច្រកសមុទ្ទហ័រមូស្ស នឹងត្រូវត្រឡប់ទៅរកសភាពបិទជិតដូចដើមវិញ»។ បន្ថែមលើនេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សាអ៊ីដ ខាតប៍ហ្សាដេហ៌ (Saeed Khatibzadeh) បានរិះគន់ចំៗទៅលើសកម្មភាពរបស់សហរដ្ឋអាម៉េរិក ថា ជាការព្យាយាមឡោមព័ទ្ធអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់បានព្យាយាមបង្ហាញចេតនាល្អក្នុងការសម្រួលផ្លូវនាវាចរណ៍រួចមកហើយ។

បើទោះបីជាស្ថានភាពយោធាកំពុងឡើងកម្ដៅ និងការបិទច្រកសមុទ្ទហ័រមូស្សជាថ្មី បានធ្វើឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់ក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែបន្តធ្វើឡើងក្នុងក្ដីសង្ឃឹមតិចតួច។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដ អាប់ដែលឡាទី (Badr Abdelatty) បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងអាចនឹងសម្រេចបានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបញ្ចប់ទុក្ខវេទនារបស់មនុស្សជាតិដែលបណ្ដាលមកពីសង្រ្គាមអូសបន្លាយនេះ។ ចំណែកឯប្រធានក្រុមចរចាអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ បាហ្គឺរ ហ្កាលីបាហ្វ (Mohammad Bagher Ghalibaf) ក៏បានទទួលស្គាល់ពីវឌ្ឍនភាពខ្លះៗនៅក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែលោកបានកត់សម្គាល់ថា ចម្ងាយនៃជំហររវាងភាគីទាំងពីរ នៅមានភាពខុសគ្នាខ្លាំងដែលទាមទារឱ្យមានការចរចាបន្ថែមទៀត ខណៈពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជោគវាសនានៃសន្តិសុខថាមពលសកល៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត