
ក្រុងសែនមនោរម្យ៖ នៅទីបំផុត ជនបរទេស៤នាក់ ត្រូវបានតុលាការកម្ពុជាសម្រេចចោទប្រកាន់តាមច្បាប់ថ្មី ស្ដីពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រព្រឹត្តិនៅទីក្រុងពាណិជ្ជកម្មចិន ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦...។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នាព្រឹកថ្ងៃចន្ទទី២០ ខែមេសានេះ បានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពខេត្ត ចុះត្រួតពិនិត្យ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យទីតាំងខាងលើ បន្ទាប់ពីមានការសង្ស័យថា លួចលាក់បង្កប់អំពើឆបោកអនឡាញស្កេម។ ជាលទ្ឋផល ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន៣១០នាក់ ក្នុងនោះស្រី៥២នាក់ មាន១០សញ្ជាតិ។ ក្នុងចំណោមជនបរទេសទាំងនោះ មានអ្នកគ្រប់គ្រងធំចាំត្រួតពិនិត្យបុគ្គលិកចំនួន៤នាក់ រួមមាន៖ ទី១.ឈ្មោះ សិទ្ធិឆៃ ស៊ែលី (SITTICHAI SAELEE) ជនជាតិថៃ. ទី២.ឈ្មោះ ឈិន ពឹងលាន (CHEN BINGLIAN), ទី៣.ឈ្មោះ ឈិន វិន ឆុង (CHENG WEN CHONG) និងទី៤.ឈ្មោះ ស៊ូ ដាលី (HSU DARLI) អ្នកទាំង៣នាក់សុទ្ធសឹងជាជនជាតិចិន និងជាអ្នកគ្រប់ទូទៅនៅទីតាំងខាងលើ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅនឹងកន្លែង និងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ក្រោយពិនិត្យរបាយការណ៍ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនជាប់ចោទទាំង៤នាក់ ពីបទ«ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុម មានការចាត់តាំង បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិ មាត្រា៥ កថាខណ្ឌទី៣ ចំណុចទី១នៃច្បាប់ ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ រីឯ ជនសង្ស័យ៣នាក់ និងបក្ខពួក ដែលកំពុងរត់គេចខ្លួន ត្រូវចោទពីបទ រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិ មាត្រា៦ កថាខណ្ឌទី១នៃច្បាប់ ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ សូមជម្រាបថា យោងតាម មាត្រា៥ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី២០០ ០០០ ០០០(ពីររយលាន)រៀល ទៅ ៥០០ ០០០ ០០០(ប្រាំរយលាន) រៀល៕





