
រាជធានីភ្នំពេញ៖ បម្រែបម្រួលអាកាសធាតុ និងឥទ្ធិពល«ព្យុះស៊ីនឡាគូ» ដែលកំពុងវិវត្តទៅជាព្យុះសង្ឃរា ខណៈកម្ពុជាបានទទួលរងឥទ្ធិពលដោយប្រយោល ធ្វើឱ្យសាលារៀន វត្តអារាម និងផ្ទះពលរដ្ឋ១៦៣៣ខ្នងនៅខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ត្បូងឃ្មុំ ប៉ៃលិន រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់។ នេះបើតាមការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦...។

លោក សុទ្ធ គឹមកុលមុន្នី ថ្លែងប្រាប់ SBM News តាមប្រព័ន្ធតេឡេក្រាមថា គិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩មេសា ខ្យល់កន្ត្រាក់ បានវាយប្រហារផ្ទះពលរដ្ឋ សាលារៀន និងវត្តអារាមនៅខេត្តទាំង៩ខាងលើ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៧២១ខ្នង, ឧត្តរមានជ័យ ចំនួន៣៨៩ខ្នង, ព្រះវិហារ មានផ្ទះ សាលារៀន និងវត្តចំនួន៣៦៧ខ្នង, សៀមរាប ចំនួន៩ខ្នង, បាត់ដំបង ៧ខ្នង, កំពង់ឆ្នាំង ៤៦ខ្នង, កំពង់ធំ៦ខ្នង, ត្បូងឃ្មុំ ២៤ខ្នង និងខេត្តប៉ៃលិន៤០ខ្នង។ លោកលម្អិតថា ក្នុងចំណោមផ្ទះ សាលារៀន និងវត្តអារាមសរុប១៦៣៣ខ្នងនេះ មាន១៥ខ្នងប៉ះពាល់ធ្ងន់ធ្ងរ, ៣៥៦ខ្នងប៉ះពាល់មធ្យម និង១២៦២ខ្នងប៉ះពាល់ស្រាល។

ចំពោះមុខបញ្ហាខាងលើ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ត្រីពាក់ព័ន្ធចុះមូលដ្ឋាន កាកបាទក្រហមកម្ពុជា បានចុះទៅពិនិត្យ និងនាំយកអំណោយឆ្លើយតបបន្ទាន់ ដើម្បីសង្គ្រោះគ្រួសារដែលរងផលប៉ះពាល់។ ទន្ទឹមគ្នា លោកថា ក្នុងពេលប្រទេសកម្ពុជា ត្រៀមផ្លាស់ប្ដូរដូវប្រាំងចូលទៅរដូវវស្សា បាតុភូតធម្មជាតិមាន ភ្លៀង ផ្គរ រន្ទះ និងកន្ត្រាក់ អាចនឹងកើតមានច្រើន ហេតុនេះមន្ត្រីជំនាញបានពង្រឹងការតាមដានការព្យាករធាតុអាកាស និងផ្សព្វផ្សាយទៅកាន់ពលរដ្ឋ។ ក្នុងពេលជាមួយគ្នា លោក ក៏បានក្រើនរំឭកបន្ថែមផងដែរ ឱ្យប្រជាពលរដ្ឋចូលរួមត្រៀមលក្ខណៈពង្រឹងគ្រឹះផ្ទះសំបែង ដើម្បីអាចទប់ទល់បញ្ហាខ្យល់កន្ត្រាក់ កាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសបញ្ចៀសបានការបាត់បង់អាយុជីវិតមនុស្ស-សត្វ។

គួរជ្រាបថា ព្យុះទី៤ឈ្មោះ ស៊ីនឡាគូ បានវិវត្តទៅជាព្យុះសង្ឃរា នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់បោកមកលើសមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា និងមកលើប្រទេសកម្ពុជា។ ដ្បិតតែគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជា តែក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់នៅថ្ងៃដដែលនេះថា កម្ពុជានឹងមានភ្លៀង ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ រហូតដល់ថ្ងៃទី២២មេសា៕








