
រាជធានីភ្នំពេញ៖ កម្ពុជានឹងមានភ្លៀងធ្លាក់រួមជាមួយខ្យល់កន្រ្តាក់ រយៈពេលជាង១០ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយសាររងឥទ្ធិពលព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម..។

ក្រសួងព្យាករថា សម្ពាធទាបដែលកើតនៅមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku)។ ព្យុះនេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា។ ទោះព្យុះ ស៊ីនឡាគូ មិនមកដល់ប្រទេសកម្ពុជាផ្ទាល់ ប៉ុន្តែឥទ្ធិពលព្យុះនេះ នឹងធ្វើឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ទកម្ពុជា មានភ្លៀងចន្លោះពី១៥ ទៅ២០ភាគរយ។

ក្រសួងព្យាករឃើញថា ខេត្តមួយចំនួន រួមមាន បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង កោះកុង ព្រះសីហនុ កំពត កែប រួមទាំងជួរភ្នំបូកគោ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។ រីឯខេត្តផ្សេងទៀត រួមមាន កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី រួមទាំងជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

ចំណែករលកសមុទ្រវិញ នឹងបោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។ ក្រសួងក្រើនរម្លឹកឱ្យសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ក្រសួងណែនាំទៀតថា នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ បងប្អូនមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើននៅពេលមានភ្លៀងកក់ខែ៕



