កម្ពុជាប្តេជ្ញាបន្តផ្តល់ការអប់រំប្រកបដោយគុណភាព បង្កើតឱកាសបន្ថែមសម្រាប់យុវជន
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងវេទិកាយុវជនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (ECOSOC Youth Forum) ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាល អង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កម្ពុជាប្តេជ្ញាបន្តផ្តល់ការអប់រំប្រកបដោយគុណភាព និងបង្កើតឱកាសបន្ថែមសម្រាប់យុវជន ដើម្បីដោះសោសក្តានុពលរបស់ខ្លួន...។ 

ក្នុងនាមគណៈប្រតិភូកម្ពុជា លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងបទអន្តរាគមន៍គូសបញ្ជាក់ថា នៅប្រទេសកម្ពុជា យុវជនគឺជាកម្លាំងជំរុញនៃការផ្លាស់ប្ដូរ។ ជាង៦០ភាគរយនៃប្រជាជនកម្ពុជាមានអាយុក្រោម៣៥ឆ្នាំ។ ដូច្នេះ ការពង្រឹងសមត្ថភាពយុវជនគឺស្ថិតនៅចំណុចកណ្ដាលនៃរបៀបវារៈអភិវឌ្ឍរបស់កម្ពុជា។ ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការពង្រឹងសមត្ថភាពយុវជនលើជំនាញ ចំណេះដឹង និងឱកាស ដើម្បីប្រែក្លាយខ្លួនជាអ្នកដឹកនាំប្រកបដោយទំនុកចិត្ត និងទំនួលខុសត្រូវ។ លោកថា ភាពជាអ្នកដឹកនាំរបស់យុវជនពិតជាមានសារសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនៃសកលលោកបច្ចុប្បន្ន។

រដ្ឋលេខាធិការក្រសួងអប់រំអះអាងថា បញ្ហាប្រឈមនៅតែមាន ជាពិសេស គម្លាតរវាងយុវជននៅតំបន់ជនបទដាច់ស្រយាល និងទីប្រជុំជន ចំពោះការទទួលបានការអប់រំប្រកបដោយគុណភាព និងសេដ្ឋកិច្ចឌីជីថល។ ប៉ុន្តែយ៉ាងណាក៏ដោយ កម្ពុជាប្តេជ្ញាបន្តផ្តល់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន, ពង្រឹងពង្រីកការអភិវឌ្ឍជំនាញ និងចំណេះដឹងឌីជីថល និងបង្កើតឱកាសបន្ថែមសម្រាប់យុវជន ដើម្បីដោះសោសក្តានុពលរបស់ខ្លួន ព្រោះការវិនិយោគលើយុវជន គឺជាការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់សម្រាប់ទាំងអស់គ្នា។ ក្រសួងអប់រំ បានអនុវត្តកម្មវិធីអភិវឌ្ឍយុវជនជាច្រើន រួមមាន៖ កម្មវិធីមនសិកាពលរដ្ឋល្អ, ជជែកដេញដោលយុវជន, ស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ, យុវជន២១, ប្រកួតប្រជែងស្ទែម, កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត, ការអប់រំឌីជីថល និងការអប់រំហិរញ្ញវត្ថុ ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះ បានជួយយុវជនរាប់ពាន់នាក់នៅទូទាំងប្រទេសបានពង្រឹងសមត្ថភាព បំណិន ឱកាសការងារ និងការចូលរួមក្នុងការងារសង្គម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត